ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤
លោក Mahmoud Abbas ប្រធានាធិបតីប៉ាលេស្ទីន បានលើកឡើងថា សហរដ្ឋអាមេរិក ជាប្រទេសតែមួយគត់ដែលអាចបញ្ឈប់ប្រទេសអ៊ីស្រាអ៊ែលមិនឱ្យវាយប្រហារលើទីក្រុង Rafahដែលជាទីក្រុងស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា។ ទីក្រុងRafah បច្ចុប្បន្នជាជម្រកភៀសខ្លួនសម្រាប់មនុស្សច្រើនជាង១លាននាក់ដែលគេចពីគ្រាប់ផ្លោងសង្គ្រាម។
លោក Abbas ដែលគ្រប់គ្រងចំណែកខ្លះនៃតំបន់ West Bank បានលើកឡើងថា ការវាយប្រហារផ្សេងៗអាចកាន់តែឃើញពលរដ្ឋប៉ាលេស្ទីនរត់ចាកចេញពីតំបន់ហ្គាហ្សា។
ប្រទេសអ៊ីស្រាអ៊ែល តែងតែប្រកាសការសច្ចាមិនដាច់ថានឹងវាយប្រហារលើទីក្រុងRafah ដើម្បីលុបបំបាត់ក្រុមហាម៉ាស់។
លោក Joe Biden ប្រធានាធិបតីអាមេរិក បានលើកឡើងដដែលជាដដែលពីជំហរយ៉ាងច្បាស់របស់លោកលើទីក្រុងRafah ចំពោះលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃអាទិត្យ។ សហរដ្ឋអាមេរិកបានលើកឡើងថា សហរដ្ឋអាមេរិកមិនអាចគាំទ្រប្រតិបត្តិការទ្រង់ទ្រាយធំរបស់ប្រទេសអ៊ីស្រាអ៊ែលនៅទីក្រុងRafah ឡើយ ប្រសិនបើមិនបានឃើញផែនការដ៏គួរឱ្យទុកចិត្តច្បាស់លាស់ទៅលើការគាំពារពលរដ្ឋស៊ីវិលមិនឱ្យមានគ្រោះថ្នាក់។
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)នៅទីក្រុងរីយាដ ប្រទេសអារ៉ាប៊ី សាអូឌីត លោក Abbas បានជម្រុញឱ្យសហរដ្ឋអាមេរិកអន្តរាគមន៍។ អាជ្ញាធរប៉ាលេស្ទីនរបស់លោកAbbas មិនគ្រប់គ្រងលើតំបន់ហ្គាហ្សាទេ។ តំបន់ហ្គាហ្សា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ចាប់តាំងពីឆ្នាំ២០០៧។
អត្ថបទ៖ណាវ័ន្ត