ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ជោគជ័យការដឹក និងថតនៅហ្វីលីពីន រិទ្ធី លំអរពេជ្រ នាំរឿងទៅបញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិ CANNES នៅបារាំង

០៩ មេសា ២០២៤ | កម្សាន្ដ

ពិសេសខ្លាំងណាស់ បន្ទាប់ពីជោគជ័យក្នុងការថត និងដឹកនាំខ្សែភាពយន្តខ្លីនៅក្នុងប្រទេសហ្វីលីពីន ផលិតករកម្ពុជា កញ្ញា រិទ្ធី លំអរពេជ្រ បាននាំស្នាដៃរឿងនោះ ទៅបញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង។បន្ទាប់ពីចំណាយពេលជាង ១ ខែក្នុងការថត និងដឹកនាំខ្សែភាពយន្តខ្លីនៅក្នុងប្រទេសហ្វីលីពីន ពេលនេះកូនខ្មែរ កញ្ញា រិទ្ធី លំអរពេជ្រ បានបញ្ចប់ការងារផលិតយ៉ាងជោគជ័យ និងមានការគាំទ្រខ្លាំងពីប្រជាជនហ្វីលីពីន។

 

 

តាមរយ:វីដេអូខ្លី បានបង្ហាញពីការគាំទ្ររបស់ហ្វីលីពីន មកលើ រិទ្ធី លំអរពេជ្រ ពេលដែលនាងបានចុះថត ខ្សែភាពយន្តនៅ Dapitan ដែលជាទីក្រុងមួយនៅ ក្នុងឧបទ្វីប Zamboanga របស់ប្រទេសហ្វីលីពីន ត្រូវបានគេស្គាល់ថាជាទីសក្ការបូជាជាច្រើន និងជាមជ្ឈមណ្ឌលសម្រាប់ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។កញ្ញា រិទ្ធី លំអរពេជ្រ បានលើកឡើងទាំងចិត្តរំភើបថា «វាមិនមែនជាលើកទីមួយរបស់ខ្ញុំធ្វើការជាមួយបរទេសនោះទេ ប៉ុន្តែជាលើកទីមួយរបស់ខ្ញុំធ្វើការលើឆាកអន្តរជាតិ ដែលមានក្រុមការងារ និងតួសម្តែងសុទ្ធតែជាជនជាតិហ្វីលីពីនសុទ្ធតែម្តង»។ 

 

 

ខ្សែភាពយន្តខ្លី «Silig» គឺជាការសហការដឹកនាំរវាងរិទ្ធី លំអរពេជ្រ និង ផលិតករជនជាតិហ្វីលីពីន Arvin Belarmino និយាយពីជីវិតរបស់ស្រ្តីមួយរូបដែលមានជំងឺមហារីក បានព្យាយាមប្រើពេលវេលាចុងក្រោយរបស់ខ្លួនធ្វើរឿងរ៉ាវជាច្រើនដែលខ្លួនមិនបានធ្វើកន្លងមកទៅកាន់មនុស្សសំខាន់របស់ខ្លួន។ សាច់រឿងនេះ ជាការសម្តែងដោយ Sylvia Sanchez និង Angel Aquino ដែលជាតារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេសហ្វីលីពីន ដែលការសម្តែងរបស់ គាត់ធ្លាប់បញ្ចាំងនៅក្នុងមហោស្រពអន្តរជាតិផងដែរ។

 

 

ខ្សែភាពយន្តផលិតដោយផលិតករកម្ពុជារូបនេះ បានចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង ក្នុងរាត្រីDirectors’ Fortnight (aka Quinzaine des Cineastes) កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ក្រៅពីរឿងរបស់ លំអរពេជ្រ ក៏មានខ្សែភាពយន្តខ្លីចំនួន ៣ ផ្សេងទៀត ដែលផលិតដោយផលិតករវ័យក្មេងចំនួន ៦ នាក់ផ្សេងទៀត ក៏ត្រូវចាក់បញ្ចាំងក្នុងរាត្រីនោះដែរ។

 


ផលិតករកម្ពុជារូបនេះ បានបង្ហើបឱ្យដឹងថា បន្ទាប់ពីស្នាដៃនេះចាក់បញ្ចាំង នាងនឹងគ្រោងផលិតខ្សែភាពយន្តខ្នាតធំមួយនៅក្នុងប្រទេសកម្ពុជា ហើយតាមរយ:ការចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ CANNES នេះ គឺជាឪកាសមួយសម្រាប់គាត់ស្វែងរកដៃគូរអន្តរជាតិ ដើម្បីសហការក្នុងការផលិត ក្នុងគោលបំណងពិសេសមួយ គឺផ្សព្ធផ្សាយពីវប្បធម៌ប្រពៃណីរបស់ប្រទេសកម្ពុជា។

 

 

លំអរពេជ្រ បានបន្តថា វិស័យភាពយន្តបានដើរតួនាទីចាំបាច់បំផុតដែលយើងត្រូវតែផ្សព្វទៅបណ្តាប្រទេស នៅខាងក្រៅជាលក្ខណៈអន្តរជាតិ ព្រោះខ្សែភាពយន្តជាភាសាអន្តរជាតិ និងជាសិល្បៈមួយដែលទូលំទូលាយខ្លាំង សម្រាប់ផ្សព្ធផ្សាយកម្ពុជា និងផ្សារភ្ជាប់យទៅកាន់ពិភពលោកបានស្គាល់។សូមជម្រាបផងដែរថា មហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង ជាមហោស្រពភាពយន្តប្រចាំឆ្នាំ ដែលបញ្ចាំងខ្សែភាពយន្តថ្មីៗគ្រប់ប្រភេទ និងភាពយន្តឯកសារពីជុំវិញពិភពលោក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ហើយជាមហោស្រពភាពយន្តធំមួយក្នុងចំនោមមហោស្រពភាពយន្តអឺរ៉ុបធំៗ ចំនួន៣ ដូចជា ហោស្រពភាពយន្តទីក្រុង Venice ក្នុងប្រទេសអ៊ីតាលី និងមហោស្រពភាពយន្តអន្តរជាតិទីក្រុង Berlin ក្នុងប្រទេសអាល្លឺម៉ង់៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024