ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីតែម្តង សម្រាប់ការបើកទំព័រខេត្តដំបូងនៃកម្មវិធី OMG x Peypey Dy Songkhran School Tour នៅវិទ្យាល័យជាស៊ីមកំពង់ថ្ម ខេត្តកំពង់ធំ ទាក់ទាញអ្នកចូលរួមបានជាង ១ម៉ឺននាក់ឯណោះ។
ពិតជាពិសេសមិនធ្លាប់មានពីមុនមក ដែលឆ្នាំនេះក្រុមរាំស្រីល្បីឈ្មោះ OMG បានចាប់ដៃសហការគ្នាជាមួយក្រុម Peypey Dy បង្កើតកម្មវិធីសង្ក្រានវិទ្យាល័យ OMG x Peypey Dy Songkhran School Tour រយៈពេល ៤ ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃ៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅខេត្តចំនួន ៤ ធំៗរួមមាន៖ កំពង់ធំ, សៀមរាប, បន្ទាយមានជ័យ និង បាត់ដំបង។
វិទ្យាល័យជាស៊ីមកំពង់ថ្ម ខេត្តកំពង់ធំ ជាគោលដៅសំខាន់ទី១សម្រាប់ OMG x Peypey Dy Songkhran School Tour ហើយអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះ គឺសន្ទុះគាំទ្ររបស់ពុកម៉ែបងប្អូន ដោយសង្ក្រានវិទ្យាល័យ នៅវិទ្យាល័យជាស៊ីមកំពង់ថ្ម ផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី មានអ្នកចូលរួមដល់ទៅជាង ១២០០០នាក់ ដែលតួលេខនេះគុណនឹង២ដងនៃចំនួនអ្នកចូលរួម Songkhran School Tour កាលពីឆ្នាំមុន។ដាណែត មេក្រុមរាំ OMG ភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថា មានអ្នកចូលរួមច្រើនទ្វេរដងពីឆ្នាំមុននោះឡើយ។ ការគាំទ្ររបស់ពុកម៉ែបងប្អូន ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុម OMG និងក្រុម Peypey Dy ជាពិសេស កម្មវិធីសង្ក្រានវិទ្យាល័យ OMG x Peypey Dy Songkhran School Tour ផ្ទាល់តែម្តង។
មេក្រុម OMG បន្តថា គោលបំណងចម្បងនៃការរៀបចំកម្មវិធី OMG x Peypey Dy Songkhran School Tour ឆ្នាំនេះ គឺដើម្បីប្រម៉ូតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ និងចង់លើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយចេះស្រលាញ់ថែរក្សាអភិរក្សកម្មវិធីសង្ក្រានកុំឱ្យបាត់បង់។ ក្នុងនាមជាសិល្បករ OMG និងក្រុម Peypey Dy រីករាយចូលរួមផ្តល់ភាពសប្បាយរីករាយជូនពុកម៉ែបងប្អូន និងយុវវ័យយ៉ាងពេញទំហឹង ធ្វើយ៉ាងណាឱ្យកម្មវិធីសង្ក្រានវិទ្យាល័យមានភាពសប្បាយរីករាយ ប្រកបដោយស្នាមញញឹម និងអនុស្សាវរីយ៍សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឆ្លៀតឱកាសនេះ ដាណែត សូមថ្លែងអំណរគុណដល់ លោក នេត ចាន់មុនី អតីតសិស្សវិទ្យាល័យជាស៊ីមកំពង់ថ្ម ដោយលោកបានឆ្លៀតពេលដ៏មមាញឹកមកធ្វើជាប្រធានគណៈកម្មការរៀបចំកម្មវិធីសង្រ្កាននៅវិទ្យាល័យជាស៊ីមកំពង់ថ្ម ខេត្តកំពង់ធំ រួមទាំងសមាជិក និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានបានលះបង់ថវិកា និងពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីរៀបចំកម្មវិធីសង្ក្រានវិទ្យាល័យឱ្យដំណើរការទៅបានដោយរលូនប្រកបដោយភាពជោគជ័យ រហូតទាក់ទាញអ្នកចូលរួមជាង១ម៉ឺននាក់បែបនេះ។ អ្វីដែលសំខាន់ សង្ក្រានវិទ្យាល័យជាស៊ីមកំពង់ថ្ម បានជួយរួមចំណែកផ្សព្វផ្សាយពីសិល្បៈដ៏សម្បូរបែបរបស់ខ្មែរបង្ហាញទៅកាន់ពិភពលោក និងបានជួយបញ្ជ្រាបឱ្យកូនខ្មែរគ្រប់រូបចេះស្រលាញ់ និងថែរក្សាកម្មវិធីសង្រ្កានរបស់ខ្មែរយើង។
ពេលនេះ OMG x Peypey Dy Songkhran School Tour កំពុងបន្តដំណើរឆ្ពោះទៅវិទ្យាល័យ វិទ្យាល័យហ៊ុនសែនវត្តស្វាយ ខេត្តសៀមរាប (០៨ មេសា), វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ (០៨ មេសា) និងវិទ្យាល័យមុនីវង្ស ខេត្តបាត់ដំបង (០៩ មេសា)។ កុំភ្លេចមកចូលរួមកម្មវិធី OMG x Peypey Dy Songkhran School Tour ឱ្យបានច្រើនកុះករ ដើម្បីបានជួបផ្ទាល់ជាមួយក្រុម OMG និងក្រុម Peypey Dy រួមជាមួយកម្មវីធី fan meeting លេងហ្គេមកម្សាន្តសប្បាយ ហើយឈ្នះរង្វាន់ពី Cafe Corner ថែមទៀតផង។ រឹតតែពិសេស ហើយកក្រើកខ្លាំងនោះគឺ ការប៉ះគ្នារវាងក្រុម OMG និងក្រុម Peypey Dy ធានាកក្រើកកម្មវិធី Songkhran School Tour តែម្តង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ដោយក្រុម OMG