ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥

រឿន ណាត ត្រៀមដើរម៉ូដឈុត «អប្សរធម្មនន្ទ» ដកស្រង់ពីចម្លាក់អប្សរាប្រាសាទធម្មនន្ទ ច្នៃដោយ ម៉ែន និមលរតន៍

០៥ មេសា ២០២៤ | កម្សាន្ដ

 

 

ស្នាដៃបញ្ចប់ការសិក្សា​ផ្នែក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​FASANA​ ប្រចាំឆ្នាំ២០២៣ របស់ លោក ម៉ែន និមលរតន៍ ត្រូវបានជ្រើសឱ្យដើរបង្ហាញក្នុងត្តិការណ៍ SHOW ME SOMETHING 2024 ដោយអ្នកបង្ហាញម៉ូដឈុត «អប្សរធម្មនន្ទ» គឺ កញ្ញា រឿន ណាត។

 


Miss Universe Cambodia 2018 កញ្ញា រឿន ណាត នឹងក្លាយជាតួអង្គសំខាន់នៅក្នុងការគ្រងឈុតសម្លៀកបំពាក់ដ៏អស្ចារ្យមួយឈ្មោះ អប្សរធម្មនន្ទ ដើម្បីដើរបង្ហាញក្នុងព្រឹត្តិការណ៍ SHOW ME SOMETHING 2024 នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
 


ឈុត «អប្សរធម្មនន្ទ» ដែលបវរកញ្ញារូបស្រស់ រឿន ណាត ត្រៀមដើរបង្ហាញម៉ូដបង្អួតសម្រស់នេះ ជាការរចនាឡើងដោយ លោក ម៉ែន និមលរតន៍ ដែលគ្រប់គ្នាស្គាល់ថាជា ស្ថាបនិកក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា (CIM) ដែលនេះជាតឹងតាងបង្ហាញពីស្នាដៃច្នៃម៉ូតរបស់លោក ក្នុងនាមជាសិស្សហាត់រៀនផ្នែករចនាម៉ូតនៅសាលា​បណ្តុះបណ្តាល​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​FASANA​ ប្រចាំឆ្នាំ២០២៣។

 


 
លោក ម៉ែន និមលរតន៍ បានប្រាប់ឱ្យដឹងថា ឈុត «អប្សរធម្មនន្ទ» នេះ ដកស្រង់ពីចម្លាក់អប្សរាដែលផុសត្រដែតឡើងយ៉ាងស្រស់ស្អាតលើតួប្រាង្គប្រាសាទធម្មនន្ទ ស្ថិតនៅក្បែរប្រាសាទចៅសាយទេវតា ក្នុងក្រុងអង្គរ ខេត្តសៀមរាប។ ប្រាសាទ ធម្មនន្ទ កសាងឡើងនៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។

 


 
ដើមឡើយលោកប្រទះឃើញឈុតអប្សរានេះ នៅក្នុងសៀវភៅម៉ូតសម្លៀកបំពាក់មួយដែលមានរំលេចពីឈុតអប្សរាជាច្រើនទម្រង់ និងច្រើនសណ្ឋានផ្សេងគ្នា។លោកកត់សម្គាល់ចំណុចម្យ៉ាង ត្រង់ថាឈុតអប្សរាដែលនៅប្រាសាទធម្មនន្ទ ភាគច្រើននៃសំពត់អប្សរា គឺមានភ្លី មិនថាតូច ឬធំ ហើយខុសប្លែកពីអប្សរាផ្សេងទៀត។ក្រោយមកលោកក៏បានចំណាយពេលចុះទៅទស្សនៈកិច្ចនៅទីតាំងប្រាសាទដោយផ្ទាល់ ដើម្បីធ្វើការឈ្វែងយល់បន្ថែម និងបានផ្តិតរូបមួយចំនួនមកធ្វើជាឯកសារយោងសម្រាប់ការច្នៃម៉ូដផងដែរ។

 


 
ស្ថាបនិកក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា (CIM) មិននឹកស្មានថា អ្នកគ្រូជំនាញនៅសាលាហ្វេស្សិន FASANA សម្រេចជ្រើសរើសយកស្នាដៃបញ្ចប់ការសិក្សារបស់ខ្លួន មកបង្ហាញជាពិសេសនៅក្នុងកម្មវិធី​ ​SHOW​ ​ME​ ​SOMETHING​ 2024 ​ដែលរៀបចំឡើងដើម្បីបង្ហាញពីគំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ធនធាន​ច្នៃ​ម៉ូដ​ជំនាន់​ថ្មីដែលជាសិស្សប្រចាំសាលាបណ្តុះបណ្តាលរបស់ខ្លួន៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025