ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

ថៃ រំពឹងការនាំចេញអង្ករទៅកាន់ ចិន កើនឡើងខ្លាំង

០២ មេសា ២០២៤ | សេដ្ឋកិច្ច

 

ប្រទេសថៃ រំពឹងថា នឹងបង្កើនការនាំចេញអង្កររបស់ខ្លួន ទៅកាន់ប្រទេសចិន ខណៈដែលទំនាក់ទំនងទ្វេភាគី បន្តប្រសើរឡើង។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះដោយសារព័ត៌មានអន្តរជាតិធំៗ។

 

 

កាលពីដើមខែមីនា កន្លងទៅនេះ រាជរដ្ឋាភិបាលថៃ បានជួបជាមួយអ្នកនាំចូលអង្ករចិន ដើម្បីពិភាក្សាអំពី មជ្ឈមណ្ឌលចែកចាយដ៏មានសក្តានុពលនៅក្នុងទីក្រុង ស៊ិនជិន ភាគខាងត្បូងប្រទេសចិន។

 


ការពិភាក្សាបន្ថែមជាមួយនាយករដ្ឋមន្ត្រីថៃ ក៏ត្រូវបានរំពឹងទុកផងដែរ ខណៈប្រទេសថៃ មានបំណងនាំចេញអង្ករចំនួន ៧លាន ៥សែនតោននៅឆ្នាំ ២០២៤។
ជាមួយគ្នានេះ ដោយរំពឹងវិស័យទេសចរណ៍កើនឡើង ហុងកុង ក៏រំពឹងថា នឹងនាំចូលអង្ករពីប្រទេសថៃប្រហែលជិត ២សែនតោនក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងពី ១៥ម៉ឺនតោនកាលពីឆ្នាំមុន។

 


យ៉ាងណាក៏ដោយ ប្រទេសថៃ មានកិច្ចការច្រើនដែលត្រូវធ្វើ បន្ទាប់ពីលទ្ធផលការនាំចេញមិនល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្រៅពីការតស៊ូជាមួយកត្តាខាងក្រៅ ដូចជាការប្រែប្រួលតម្លៃ និងផលប៉ះពាល់ដែលមិនអាចទាយទុកជាមុន ដូចជា អាកាសធាតុក្តៅ អាចប៉ះពាល់ដល់តម្រូវការ និងរំខានដល់ផលិតកម្ម អ្នកដាំស្រូវថៃ ក៏ត្រូវពង្រឹងគុណភាព និងបង្កើនបរិមាណអង្កររបស់ពួកគេ ដើម្បីរក្សាការប្រកួតប្រជែងជាសកល។

 


សូមជម្រាបដែរថា នៅក្នុងឧស្សាហកម្មអង្ករថៃមានការឯកភាពគ្នា ចាំបាច់ត្រូវមានការស្រាវជ្រាវ និងអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃទៀត ដែលកំពុងតែនាំចេញពូជស្រូវកាន់តែច្រើនក្នុងបរិមាណកាន់តែច្រើន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025