ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
មន្ត្រីធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការយកក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មី គឺពុំមានការកាត់កម្រៃនោះទេ ហើយអាចទៅប្ដូរនៅធនាគារជាតិនៃកម្ពុជា គ្រប់សាខាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
នាឱកាសខួបលើកទី ៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀល លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងនៃ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា រាល់ការយកក្រដាសប្រាក់ ចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់ថ្មី គឺពុំមានការកាត់កម្រៃនោះទេ ហើយប្រជាពលរដ្ឋ អាចប្តូរបាននៅ ធនាគារជាតិនៃកម្ពុជា គ្រប់សាខាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទូទាំងប្រទេសកម្ពុជា។
បច្ចុប្បន្ននេះ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តន៍ ក្នុងការប្ដូរក្រដាសប្រាក់រៀលថ្មី ជូនដល់បងប្អូនប្រជាពលរដ្ឋ។ដោយឡែកចំពោះក្រដាសប្រាក់ត្រូវបានទទួលយក និងប្ដូរថ្មីជូនប្រជាពលរដ្ឋ គឺត្រូវតែជា ក្រដាសប្រាក់រៀលពិតប្រាកដ មិនមែនក្លែងក្លាយ ហើយប្រសិនបើមានបរិមាណច្រើន ធនាគារជាតិ ណែនាំដល់ប្រជាពលរដ្ឋ អញ្ជើញទៅប្ដូរនៅ ធនាគារជាតិនៃកម្ពុជា ប៉ុន្ដែបើមានកម្រិតតិចតួច អាចប្ដូរនៅគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលនៅជិតខ្លួនបាន។
សូមបន្ថែមថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុង ការសម្រួលដល់ការទូទាត់ប្រាក់រៀល ឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និង ចំណាយតិច ដោយជាលទ្ធផល ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤% ធៀបនឹងឆ្នាំ ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់ អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត