ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រជាជន ចិន វ័យក្មេងលែងសូវមានចំណាប់អារម្មណ៍លើទំនិញប្រេនៗ

២២ មីនា ២០២៤ | កម្សាន្ដ

 

ប្រជាជនចិនវ័យក្មេងហាក់លែងសូវមានចំណាប់អារម្មណ៍លើទំនិញប្រេនៗទៀតហើយ ខណៈការលក់របស់ម៉ាកល្បីៗជាច្រើនបានមើលឃើញការធ្លាក់ចុះនៅមួយឆ្នាំចុងក្រោយ ផ្ទុយពីប៉ុន្មានឆ្នាំកន្លងទៅដែលមានការកើនឡើងរៀងរាល់ឆ្នាំ។

 


អ្នករស់នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២១ មីនា បានបង្ហាញពីភាពផ្លាស់ប្ដូរចំពោះចំណូលចិត្ត របស់ខ្លួន ខណៈមើលឃើញថាពួកគេក៏ដូចជាអ្នកទិញទំនិញវ័យក្មេងផ្សេងៗនៅចិនកំពុងងាកចេញពីផលិតផលប្រេនៗ ដែលកំពុងប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសដែលជាទីផ្សារធំបំផុតរបស់ពិភពលោកមួយនេះ។

 


អ្នកធ្វើការក្នុងវិស័យទេសចរណ៍ម្នាក់បានយល់ឃើញថាទម្លាប់របស់អ្នកទិញទំនិញវ័យក្មេងបានវិវត្តដោយសារតែលទ្ធភាពទិញមានកំណត់ ដូច្នេះហើយពួកគេកាន់តែមានការប្រុងប្រយ័ត្នចំពោះការចំណាយរបស់ខ្លួន។ ជាមួយគ្នានេះដែរ អ្នកច្នៃម៉ូដម៉ូដវ័យ ២៥ ឆ្នាំ ឈ្មោះ Xiao Sun (សៀវ ស៊ុន) និយាយថា លោកចូលចិត្តចំណាយលុយលើអាហារ និងការធ្វើដំណើរកម្សាន្តជាជាងចំណាយលើទំនិញប្រណីត ព្រោះថាសកម្មភាពទាំងនោះអាចបំពេញថ្មជីវិតឱ្យលោកច្រើនជាង។

 


គួរបញ្ជាក់ថា ភាគហ៊ុនក្រុមហ៊ុន Kering ដែលជាក្រុមហ៊ុនមេរបស់ម៉ាកល្បីៗដូចជា Gucci (គូឈី) និង YSL បានធ្លាក់ចុះ 11.9% បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាការលក់ក្នុងត្រីមាសទី ១ របស់ពួកគេទំនងជានឹងធ្លាក់ចុះប្រហែល 10% ខណៈតម្រូវការម៉ាក Gucci មានភាពទន់ខ្សោយនៅក្នុងតំបន់អាស៊ី។

 


ទន្ទឹមនឹងនេះ កាលពីខែមករា ក្រុមហ៊ុន Burberry (ប៊ឺប៊ឺរី) ក៏បានព្រមានអំពីការធ្លាក់ចុះនូវប្រាក់ចំណេញសម្រាប់ពេលខាងមុខនេះដែរ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀតដូចជា LVMH, Richemont (រីឈីម៉ុន) និង Christian Dior បានធ្លាក់ចុះចន្លោះពី 1.6% ទៅ 3.2% ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024