ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

Dua Lipa និងក្រុម Coldplay ស្ថិតក្នុងចំណោមអ្នកសម្ដែងនៅ UK's Glastonbury Festival

១៩ មីនា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងប៉ុបអង់គ្លេស Dua Lipa និងក្រុមចម្រៀង Coldplay ទើបតែត្រូវបានប្រកាសថាស្ថិតក្នុងចំណោមអ្នកសម្ដែងសំខាន់ៗក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រីប្រចាំឆ្នាំរបស់អង់គ្លេស UK's Glastonbury Festival។

 


ក្រុមអ្នករៀបចំកម្មវិធីសម្រាប់ព្រឹត្តិការណ៍មហោស្រពតន្ត្រីដ៏ធំប្រចាំឆ្នាំនៅចក្រភពអង់គ្លេសគឺ UK's Glastonbury Festival (យូខេ ក្លាសថុនប៊ឺរី ហ្វេសធីវ៉ល) ទើបតែប្រកាសបញ្ជីឈ្មោះសិល្បករដែលនឹងចូលរួមសម្ដែងក្នុងឆ្នាំនេះ ដោយក្នុងនោះតារាចម្រៀង Dua Lipa (ដួ លីប៉ា) ដែលជាម្ចាស់បទល្បីៗដូចជា "New Rules" និង "One Kiss" នឹងបង្ហាញខ្លួនលើឆាកពីរ៉ាមីតនៃព្រឹត្តិការណ៍នេះដែលនឹងជាឆាកធំដំបូងសម្រាប់នាង បន្ទាប់ពីការចេញអាល់ប៊ុមទីបី "Radical Optimism" (រ៉ាឌីខល អប់ធីមីសឹម)។

 


ទន្ទឹមនឹងនោះក្រុមចម្រៀង Coldplay នឹងបង្ហាញខ្លួនលើឆាក Worthy Farm ដោយការសម្ដែងឆ្នាំនេះគឺជាការសម្ដែងលើកទី៥របស់ពួកគេក្នុងកម្មវិធីនេះ។តារាចម្រៀង R&B ពីសហរដ្ឋអាមេរិក SZA (ស៊ីហ្ស៊ើ) ដែលបានឈ្នះពានរង្វាន់ Grammy កាលពីខែមុន ក៏នឹងចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍នេះដែរ។

 


គួរបញ្ជាក់ថា កម្មវិធីមហោស្រពចម្រៀងដែលត្រៀមរៀបចំរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ បានលក់សំបុត្រដាច់អស់ក្នុងរយៈពេលតិចជាងមួយម៉ោងប៉ុណ្ណោះ នៅពេលបើកលក់កាលពីខែវិច្ឆិកាកន្លងទៅ។

 


សិល្បករផ្សេងទៀតដែលគ្រោងនឹងបង្ហាញខ្លួនក្នុងកម្មវិធីនៅឆ្នាំនេះដែររួមមានតារាចម្រៀងរ៉េបអង់គ្លេស Little Simz និង Burna Boy ខណៈដែលក្រុម Idles និង The National នឹងមកសម្ដែងផ្នែកចម្រៀងរ៉ក់ ៕

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024