ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ឥណ្ឌូនេស៊ី ផ្តល់ការលើកទឹកចិត្តពន្ធពិសេស ដល់វិស័យរថយន្តអគ្គិសនី

២៣ កុម្ភៈ ២០២៤ | សេដ្ឋកិច្ច

 

ប្រទេសឥណ្ឌូណេស៊ី បានប្រកាសពី ការលើកទឹកចិត្តថ្មីដល់ ការលក់រថយន្តអគ្គិសនីដែលផលិតក្នុងស្រុក និងនាំចូល ដើម្បីជំរុញការទទួលយករថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាទាក់ទាញការវិនិយោគដល់ឧស្សាហកម្មរថយន្តអគ្គិសនីក្នុងស្រុករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ការលើកទឹកចិត្ត គឺស្ថិតក្នុងផែនការលើកទឹកចិត្តពន្ធ ដែលបានប្រកាសក្នុងខែធ្នូ សម្រាប់រថយន្តអគ្គិសនីដែលនាំចូល និងរថយន្តអគ្គិសនីដែលផលិតក្នុងស្រុក ក្នុងឆ្នាំខាងមុខ។ក្រោមច្បាប់ថ្មីដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ គឺថា ប្រទេសឥណ្ឌូនេស៊ី នឹងដកពន្ធប្រណីតលើរថយន្តអគ្គិសនី សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ និងពន្ធនាំចូលរហូតដល់ចុងឆ្នាំ ២០២៥។

 


វាក៏នឹងកាត់បន្ថយពន្ធលើតម្លៃបន្ថែមមកត្រឹម ១% ពី ១១% សម្រាប់អ្នកទិញរថយន្ត នៅឆ្នាំនេះ ដោយដែលការបន្ធូរបន្ថយពន្ធដែលបានផុតកំណត់នៅចុងឆ្នាំ ២០២៣។រដ្ឋាភិបាលបានបញ្ជាក់ថា ការលើកទឹកចិត្តនេះ មានគោលបំណងជំរុញតម្រូវការក្នុងស្រុកសម្រាប់រថយន្តអគ្គិសនី ខណៈពេលដែលទាក់ទាញការវិនិយោគដោយ ក្រុមហ៊ុនផលិតរថយន្ត។

 


មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្ហើបថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន បានបង្ហាញពីផែនការក្នុងការដាក់លក់រថយន្ត ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីរដ្ឋាភិបាលបានប្រកាសពីចេតនារបស់ខ្លួន ក្នុងការលើកទឹកចិត្ត។

 


សូមជម្រាបថា រដ្ឋាភិបាល មានបំណងឱ្យរថយន្តអគ្គិសនី ៦សែនគ្រឿង ត្រូវបានផលិតក្នុងស្រុក ត្រឹមឆ្នាំ ២០៣០ ហើយក៏មានគោលបំណងក្លាយជា មជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនី ដោយប្រើប្រាស់ទុនបម្រុងនីកែលដ៏ធំរបស់ប្រទេស ដែលជាសម្ភារៈសំខាន់សម្រាប់អាគុយរថយន្ត៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024