ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
កាលពីថ្ងៃទី២០ ខែកុម្ភៈ តារាចម្រៀង Beyonce បានបង្ហាញខ្លួនជាលើកដំបូងនៅលើតារាងចម្រៀង Billboard's Hot Country ជាមួយនឹងបទចម្រៀងពីរបទរបស់នាងពីអាល់ប៊ុមថ្មីដែលត្រៀមចេញលក់នៅពេលខាងមុខ ដោយបទទី១មានចំណងជើងថា "Texas Hold 'Em" បានជាប់ចំណាត់ថ្នាក់លេខ ១ និងបទទី២ មានចំណងជើង "16 Carriages" បានជាប់ចំណាត់ថ្នាក់លេខ៩។
មិនតែប៉ុណ្ណោះ បទ "Texas Hold Em" ក៏បានឈានដល់ចំណាត់ថ្នាក់លេខ ២ នៅលើ តារាង Billboard Hot 100 ផងដែរ។កាលពីពេលថ្មីៗនេះដែរ តារាចម្រៀងម្ចាស់បទ "If I Were a Boy" ក៏បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលនៅក្នុងកំលុងពេលផ្សាយពាណិជ្ជកម្មរបស់កម្មវិធីប្រកួតបាល់ឱបអាមេរិក Super Bowl ដើម្បីប្រកាសពីអាល់ប៊ុមថ្មីរបស់នាង មានចំណងជើងថា “act ii” (អេក ធូ) ដែលត្រៀមចេញលក់ផ្លូវការនៅថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។
អាល់ប៊ុមថ្មីនេះនឹងជាលើកទី២សម្រាប់ Beyonce ក្នុងការចេញបទចម្រៀងចង្វាក់ Country បន្ទាប់ពីបានចេញបទ “Daddy Lessons” សម្រាប់អាល់ប៊ុម “Lemonade” កាលពីឆ្នាំ២០១៦។
កាលពីឆ្នាំ២០២៣ តារាវ័យ ៤២ឆ្នាំរូបនេះបានទទួលជោគជ័យយ៉ាងខ្លាំងជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក Renaissance World Tour (រ៉េណាយសិន វើលធួ) ព្រមជាមួយការចេញបញ្ចាំងភាពយន្តអំពីការប្រគំតន្ត្រីនេះ ដែលអាចរកចំណូលបាន ២០លានដុល្លារពីការបញ្ចាំងក្នុងសប្ដាហ៍ដំបូង ៕
ប្រែសម្រួល៖ វ៉ាន់ថន