ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

ហ្វីលីពីន,វៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្មាំឆ្នេរសមុទ្រដែលប្រថុយនឹងការខឹងសម្បាររបស់ចិន

 

 

ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម នឹងមានកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្មាំល្បាតឆ្នេរ អំឡុងពេលបំពេញទស្សនកិច្ចរបស់លោកFerdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន នៅទីក្រុងហាណូយនៅសប្តាហ៍ក្រោយ ។នេះបើតាមការឱ្យដឹងពីមន្ត្រីនៃប្រទេសហ្វីលីពីន។ ចំណាត់ការនេះ ត្រូវបានគេមើលឃើញថា ជាទង្វើមួយដែលប្រថុយនឹងការខឹងសម្បារពីសំណាក់ប្រទេសចិន។


ប្រទេសតំបន់អាស៊ានទាំងពីរនេះ បានប្រជែងគ្នាទាមទារយកដែនសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការនេសាទ និងពាណិជ្ជកម្មពិភពលោក ដែលប្រទេសចិន ទាមទារគ្រប់គ្រងស្ទើរតែទាំងស្រុង។

 

ឆ្មាំល្បាតឆ្នេរសមុទ្រហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ (២៥មករា)ថា ប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេ ។

 

នៅមិនទាន់ច្បាស់នៅឡើយទេថាតើកិច្ចព្រមព្រៀង តម្រូវឱ្យមានលក្ខណៈចាំបាច់អ្វីខ្លះ ប៉ុន្តែកិច្ចសហប្រតិបត្តិការឆ្មាំល្បាតឆ្នេរគឺមានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នារវាងកប៉ាល់នេសាទដែលទន្ទ្រានចូលទៅក្នុងដែនទឹកជាជំហានមួយអាចជួយបន្ថយជម្លោះដែនទឹក។ 
 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតីហ្វីលីពីន Marcos នឹងជួបជាមួយមេដឹកនាំវៀតណាមក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃច័ន្ទ ដោយកត់សម្គាល់ថា ប្រទេសទាំង២ មានទំនាក់ទំនងជិតស្និទ្ធនៅក្នុងវិស័យជាច្រើនរួមទាំងវិស័យការពារជាតិ និងសន្តិសុខ។

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024