ថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ សម្រេចបានកិច្ចព្រមព្រៀងមួយដែលអនុញាតិឱ្យយកជំនួយបន្ថែមទៀតចូលតំបន់ហ្គាហ្សាដែលជាតំបន់ខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម។ យោងក្រុមអ្នកសម្របសម្រួលកាតា។
ក្រោមកិច្ចព្រមព្រៀងដែលកើតឡើងដោយសារការសម្របសម្រួលពីប្រទេសកាតា និងប្រទេសបារាំង នោះ ឱសថនឹងត្រូវប្រគល់ទៅឱ្យចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ឃុំខ្លួន។ ប្រទេសអ៊ីស្រាអ៊ែល នឹងអនុញាតិឱ្យការផ្តល់សំភារៈមូលដ្ឋានបន្ថែមទៀតចូលទៅតំបន់ហ្គាហ្សា។ ស្ថានភាពក្នុងតំបន់ហ្គាហ្សាមិនល្អក្រោយអ៊ីស្រាអ៊ែលទម្លាក់គ្រាប់ផ្លោងជាង៣ខែមកនេះ។
យោងតាមកិច្ចព្រមព្រៀងជំនួយមនុស្សធម៌នឹងចាកចេញពីទីក្រុងដាហា ប្រទេសកាតា ទៅកាន់ប្រទេសអេហ្ស៊ីបនៅថ្ងៃពុធ។ ហើយជំនួយនឹងបញ្ជូនទៅតំបន់ហ្គាហ្សាទៅឱ្យពលរដ្ឋស៊ីវិល ចំណែកឱសថយកទៅឱ្យចំណាប់ខ្មាំងអ៊ីស្រាអ៊ែល។
ចំណាប់ខ្មាំងច្រើនជាង១៣២នាក់ ត្រូវបានគេប៉ាន់ស្មានថា កំពុងជាប់ឃុំឃាំង នៅក្នុងតំបន់ហ្គាហ្សានៅឡើយ។
ស្របគ្នា សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថាកិច្ចពិភាក្សាបន្ថែមទៀតអាចឈានទៅដល់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។
សង្គ្រាមរវាងប្រទេសអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់ បានឈានចូលដល់ថ្ងៃទី១០០ នៅត្រឹមថ្ងៃអាទិត្យ(១៤មករា), ខណៈពលរដ្ឋស៊ីវិលជាច្រើនស្លាប់នៅតំបន់ហ្គាហ្សា ហើយសាច់ញាតិចំណាប់ខ្មាំងជាច្រើននាក់នៅរង់ចាំការដោះលែងពួកគេ។
សង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង ក្រោយក្រុមហាម៉ាស់បានឆ្លងព្រំដែនចូលវាយប្រហារប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា សម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្ស២៤០នាក់ជាចំណាប់ខ្មាំង ដែលមានខ្លះត្រូវបានដោះលែងអំឡុងពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលខ្លី។
សង្គ្រាម បានធ្វើឱ្យតំបន់ហ្គាហ្សាក្លាយជាវាលសំណល់បែកបាក់ ធ្វើឱ្យមនុស្សជាច្រើនជួបបញ្ហាអត់ឃ្លាន និងគ្មានទីជម្រក ហើយសម្លាប់ពលរដ្ឋនៅតំបន់ហ្គាហ្សាច្រើនជាង២០៣០០នាក់។ យោងក្រសួងសុខាភិបាលប៉ាលេស្ទីន។
អត្ថបទ៖ណាវ័ន្ត