ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
បរាជ័យនៅលើឆាកអន្តរជាតិលើកនេះកញ្ញា សំណាង អេលីណា នៅពុំទាន់មានគម្រោងនឹងវិលត្រឡប់ទៅកាន់វិស័យបវរកញ្ញាជាថ្មីម្តងទៀតនៅឡើយទេ ដោយពេលនេះនាងសុំពេលវេលាដើរលំហែកាយ និង សាកថ្មជីវិតមួយរយៈពេលសិន ។
កញ្ញា សំណាង អេលីណា បានបង្ហាញនូវអារម្មណ៍រីករាយក្រោយប្រទេស កម្ពុជា អាចជាប់ក្នុង Top 20 ក្នុងកម្មវិធី Miss International 2023 ដែលបានកន្លងមកពេលថ្មីៗនេះ បើទោះបីជាពេលនោះគេមិនបានប្រកាសភ្លាមៗពីការជាប់នោះក្តី ។ ទន្ទឹមនិងការរីករាយនេះកញ្ញា មិនមានគម្រោងនឹងវិលត្រឡប់មកកាន់វិស័យបវរកញ្ញាជាថ្មីម្តងទៀតនៅឆ្នាំណាមួយឡើយ ។
ជូបជាមួយកញ្ញាអតីតម្ចាស់មកុដ Miss Universe Cambodia កាលពីពេលថ្មីៗនេះ នាងបានរៀបរាប់ប្រាប់ថា ការប្រកួតនៅលើឆាកអន្តរជាតិលើកនេះ គឺមានបេក្ខភាពខ្លាំងៗចូលរួមប្រកួត តែក៏ជាមោទនភាពមួយដែលប្រទេស កម្ពុជា ទទួលបានលទ្ធផលល្អក្នុងការប្រកួតមួយនេះ ។
តាមពិតឈ្មោះកញ្ញា សំណាង អេលីណា គឺជាប់នៅលេខ ១៦ ប៉ុន្តែដោយសារកម្មវិធី គេជ្រើសរើសត្រឹមតែបេក្ខភាព ១៥ នាក់ចុងក្រោយចូលរួមប្រកួត ទើបគេមិនបានប្រកាសពីឈ្មោះរបស់នាង។ តែទោះជាយ៉ាងណាបវរកញ្ញារូបនេះ បានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ។ ទន្ទឹមនឹងការបរាជ័យលើកនេះ អេលីណា កាន់តែទទួលបានបទពិសោធច្រើនជាងមុន តែពេលនិយាយដល់រឿងវិលត្រឡប់មកប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត នាងហាក់ដូចជាមានការរារែកចិត្ត ហើយក៏មិនចង់ចូលរួមប្រកួតកម្មវិធីណាមួយទៀតដែរ ។
កញ្ញា សំណាង អេលីណា សុំពេលវេលាដើរកម្សាន្ត លំហែកាយមួយរយៈ មុននឹងចាប់ផ្តើមទទួលការងារក្នុងសិល្បៈវិញ ដូចដឹងស្រាប់ហើយថា ក្នុងចន្លោះពេលដែលនាងទៅប្រកួត Miss International 2023 នៅក្រៅប្រទេស គឺនាងបានដាក់ចិត្តដាក់កាយខ្លាំងក្នុងការប្រកួត ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា