ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

កំណើនសេដ្ឋកិច្ចថៃ អាចចុះខ្សោយជាងការរំពឹងទុក ២,៧% ក្នុងឆ្នាំនេះ

២៩ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

 

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានបញ្ជាក់ថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចពីមុនរបស់ប្រទេសថៃ ២,៧% សម្រាប់ឆ្នាំ ២០២៣ នឹងធ្លាក់ចុះជាងការរំពឹងទុក ដោយសារកំណើនក្នុងត្រីមាសទី ៣ ខ្សោយជាងការរំពឹងទុក។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ

 

 

ប្រទេសថៃ ដែលជា សេដ្ឋកិច្ចធំទី ២ របស់អាស៊ីអាគ្នេយ៍ មានកំណើនយឺតជាងការរំពឹងទុក ១,៥% នៅក្នុងត្រីមាសទី ៣ ចាប់ពីខែកក្កដាដល់ ខែកញ្ញា ធៀបនឹងឆ្នាំមុន ដែលជាកំណើនយឺតបំផុតនៅឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។

 


អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងថា សម្រាប់ឆ្នាំ ២០២៤ ក្រសួង កំពុងមានគោលដៅសម្រាប់កំណើនសេដ្ឋកិច្ចខ្ពស់ជាង ៣% ហើយក្រសួងនឹងព្យាយាមជំរុញឱ្យកាន់តែច្រើន ជាមួយនឹងវិធានការជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នាពេលខាងមុខ។

 


ការព្យាករណ៍បច្ចុប្បន្នរបស់ក្រសួងហិរញ្ញវត្ថុថៃ គឺកំណើនសេដ្ឋកិច្ច ២,៧% នៅឆ្នាំ ២០២៣ និងកំណើន ៣,២% នៅឆ្នាំ ២០២៤។ដោយឡែក ការព្យាករណ៍ពីស្ថាប័នអន្តរជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងកើនឡើង ២,៧% នៅឆ្នាំនេះ និង ៣,៦% នៅឆ្នាំក្រោយ ជំរុញដោយ ភាពប្រសើរឡើងនៃតម្រូវការខាងក្រៅ និងបន្តកំណើនរឹងមាំក្នុងការចំណាយប្រើប្រាស់ឯកជន។

 


IMF បានបញ្ជាក់ថា គោលជំហរគោលនយោបាយរូបិយវត្ថុបច្ចុប្បន្នរបស់ប្រទេសថៃ គឺសមស្រប ប៉ុន្តែធនាគារកណ្តាលថៃ គួរតែត្រៀមខ្លួន ដើម្បីរឹតបន្តឹងជំហររូបិយវត្ថុបន្ថែមទៀត ប្រសិនបើហានិភ័យអតិផរណាពីវិបត្តិខាងក្រៅ ឬគោលនយោបាយក្នុងស្រុក កើតឡើង។សូមជម្រាបថា ធនាគារកណ្តាលថៃ ក៏កំណត់គោលនយោបាយដោយផ្តោតលើ ការរក្សាអតិផរណា ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង និងការលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចដោយរលូន៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024