ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ធនាគារជាតិនៃកម្ពុជា និងអង្គការយូអិនអេស្កាប់ នឹងបន្តសហការគ្នាកែលម្អ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការចែករំលែកទស្សនៈ និងបទពិសោធន៍ជាក់ស្តែងបានមកពី ស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធ។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ស្វាគមន៍ គណៈកម្មការគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរបស់អង្គការយូអិនអេស្កាប់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបន្តកែលម្អ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ឯកឧត្តម បន្តថា ដំណើរទស្សនកិច្ចសិក្សា គឺជាឱកាស និងវេទិកាដ៏ល្អ សម្រាប់អ្នកជំនាញហិរញ្ញវត្ថុទាំងអស់នៅទូទាំងសកល អាចចែករំលែកទស្សនៈ និងបទពិសោធន៍ជាក់ស្តែង ដើម្បីកែលម្អបន្ថែមទៀតនូវបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោកស្រី Rupa Chandra នាយកផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តន៍នៃ អង្គការយូអិនអេស្កាប់ បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យ អ្នកចូលរួម មើលឃើញពីវិធានការគោលនយោបាយប្រកបដោយភាពច្នៃប្រឌិត ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ដែលកំពុងអនុវត្តជាក់ស្តែង និង ការផ្លាស់ប្តូរចំណេះដឹងរវាង អ្នកបង្កើតគោលនយោបាយ។
លើសពីនេះ ការណ៍នេះ នឹងមានការចែករំលែកគ្នាពី ការអនុវត្តល្អៗ និងមេរៀនដែលទទួលបានពីការស្រាវជ្រាវ គោលនយោបាយច្នៃប្រឌិត និង គំនិតផ្តួចផ្តើមដែលមានសក្តានុពល សម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀត ជាពិសេសលើកកម្ពស់ស្រ្តី និងសហគ្រិន នៅក្នុងបរិយាប័ន្នហិរញ្ញវត្ថុ។
ជាចុងក្រោយ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា បរិយាបន្នហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសមភាព និងកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រទេសកម្ពុជាទាំងមូល ដោយសមិទ្ធិផលមួយចំណែក គឺជាលទ្ធផលដែលកើតចេញពី កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិ ជាមួយនឹងការសម្របសម្រួលពី សមាគម អ្នកផ្តល់សេវាហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមជាបន្តបន្ទាប់ ក្នុងការពន្លឿនបរិយាប័ន្នហិរញ្ញវត្ថុ និងការការពារអ្នកប្រើប្រាស់នៅកម្ពុជា៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត