ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជាជាច្រើនមុខ ទទួលបានការចាប់អារម្មណ៍ច្រើនពីតំណាងផ្សារទំនើបនៅរដ្ឋនៅកាលីហ្វ័រញ៉ា និងតិចសាស់

២៩ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

 

ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញឡើងនៅក្នុងទស្សនកិច្ចគណៈប្រតិភូធុរកិច្ច និងវិនិយោគិនកម្ពុជាទៅសហរដ្ឋអាមេរិក” ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។  បេសកកម្មនេះ បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួនជាង ៩០នាក់ ចូលរួមព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗ នៅសហរដ្ឋអាមេរិកដែលរួមមាន ពិព័រណ៍ពាណិជ្ជកម្ម និងសន្និសីទ ធុរកិច្ច ពិធីអបអរសាទរខួបទី៧០នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ទស្សនកិច្ចកំពង់ផែនៃទីក្រុងឡុងប៊ិច ទស្សនកិច្ចនៅផ្សារ ទំនើបអាស៊ី សិក្ខាសាលាអប់រំស្តីពីតម្រូវការសំខាន់ៗ និងបែបបទពាក់ព័ន្ធក្នុងការនាំផលិតផលកសិកម្ម និងចំណីអាហារ ទៅកាន់សហរដ្ឋអាមេរិក។ ជាលទ្ធផល សមិទ្ធផលសំខាន់ៗជាច្រើនត្រូវ បានសម្រេចក្នុងការចូលរួមពីអ្នកទស្សនាលើសពី ៥០០នាក់ ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា និងសន្និសីទធុរកិច្ច ជាមួយ នឹងក្រុមហ៊ុនដាក់តាំងផលិតផលជាង ៥០ស្តង់ ដែលមានអាជីវកម្ម និងផលិតផលផ្សេងៗដូចជា ផ្លែឈើស្រស់ និងកែច្នៃ ស្វាយចន្ទី គ្រឿងទេស គ្រឿងសម្អាង គ្រឿងតំហែទាំខ្លួនប្រាណ ទឹកមាត់ត្រចៀកកាំ និងប្រតិបត្តិករក្នុង សេវាភស្តុភារកម្ម ។ 

 

 


ដោយឡែក ផលិតផលជាច្រើនដែលបានដាក់តាំងបង្ហាញ ត្រូវបានលក់ចេញស្ទើរតែទាំង អស់នៅអំឡុង និងបន្ទាប់ពីព្រឹត្តិការណ៍ពិព័រណ៍ត្រូវបានបញ្ចប់។ផ្សារទំនើបអាស៊ីមួយដែលមានឈ្មោះថា ហ្សីនហ្វា (Shun Fat Supermarket) មានសាខាចំនួន២៦ នៅរដ្ឋ កាលីហ្វ័រញ៉ា ណេវ៉ាដា និងតិចសាស់ បានបង្ហាញចំណាប់អារម្មណ៍ និងជំហរយ៉ាងច្បាស់លាស់ក្នុងការទទួល ផលិតផលកសិកម្មកែច្នៃ និងផលិតផលចំណីអាហារពីកម្ពុជាតាមរយៈការរៀបចំរបស់សមាគម IDI។ប្រតិភូមួយចំនួនបានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ ក្នុងការបញ្ចូលដើមទុនបន្ថែមដើម្បីវិនិយោគក្នុងការធ្វើឲ្យ ប្រសើរឡើងនូវសមត្ថភាពនាំចេញរបស់ខ្លួន ដូចជាការធ្វើពិពធកម្មលើផលិតផលផ្លែស្វាយ និងមៀន ការបង្កើត សេវាកម្មឃ្លាំងស្តុក ការកែលម្អផលិតផលគ្រឿងសំអាង និងតំហែទាំខ្លួនប្រាណ និងការកែច្នៃផ្លែឈើសស្ងួតជាដើម។

 


លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC បានមានប្រសាសន៍ថា “តាម រយៈការប្តេជ្ញាចិត្តក្នុងការគាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធក្នុងការជំរុញការនាំចេញកសិផល និងផលិតផលចំណីអាហារ សមាគម IDI បានរៀបចំដំណើរទស្សនកិច្ចនេះឡើង ដើម្បីបង្កើតឱកាសជួបអ្នកបញ្ជាទិញ, បង្កើនការយល់ដឹង និងបទពិសោធន៍ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមអំពីតម្រូវការមូលដ្ឋាន និងលក្ខខណ្ឌកត្តិយុត្តពាក់ព័ន្ធនឹងការនាំចេញ ក៏ដូចជាស្តង់ដារនៃការផលិត ស្តង់ដារអនាម័យ និងការវេចខ្ចប់ផលិតផលចំណីអាហារ សំដៅជំរុញការនាំចេញទៅសហរដ្ឋអាមេរិក"។ 

 


បើយោងតាមស្ថិតិក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទីពីរ របស់កម្ពុជា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៤,៣៥៥ លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣។ ផលិតផល សំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅសហរដ្ឋអាមេរិកមានដូចជា សម្លៀកបំពាក់ ទំនិញផលិតពីស្បែក ទំនិញធ្វើដំណើរ កាបូប គ្រឿងម៉ាស៊ីន ឧបករណ៍ អគ្គិសនី និងស្បែកជើង។ 

 


កម្ពុជាបាននាំចូលពីសហរដ្ឋអាមេរិកវិញនូវយានយន្ត គ្រឿង ចក្រ គ្រឿងយន្ត ឧបករណ៍វេជ្ជសាស្ត្រ និងផលិតផល ឱសថ។ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បន្ថែមថា “សហរដ្ឋអាមេរិក គឺជាទីផ្សារចម្បងមួយដែលកំពុងធ្វើពាណិជ្ជកម្មជាមួយកម្ពុជា នឹងនៅតែបន្តជាគោលដៅនាំចេញដ៏សំខាន់សម្រាប់កម្ពុជា។ យើងសង្ឃឹមថា តាមរយៈទស្សនកិច្ចកាលពីខែមីនា ឆ្នាំ២០២៣ និងទស្សនកិច្ចលើកនេះ យើងនឹងចាប់ផ្តើមឃើញបណ្តើរៗ នូវកសិផល និងផលិតផលចំណីអាហារសក្តានុពលមួយចំនួននៅលើបញ្ជីផលិតផលនាំចេញទៅសហរដ្ឋអាមេរិក ដែល សមិទ្ធផលនេះនឹងចូលរួមបង្កើននូវបរិមាណផលិតកម្ម និងប្រាក់ចំណូលសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា”។

 


ក្នុងនាមជាដៃគូក្នុងការរៀបចំទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមាន ប្រសាសន៏ថា "កន្លងមក សហគ្រិនខ្មែរ បានគាំទ្រដល់កម្មវិធីមួយចំនួនដែលបានរៀបចំដោយ សមាគមន៏ IDI រួមមាន សិក្ខាសាលាស្តីពីការនាំចេញក្នុងខែធ្នូ ឆ្នាំ ២០២២, ដំណើរប្រតិភូធុរកិច្ចកម្ពុជាទៅសហរដ្ធអាមេរិក ២ដង ក្នុងឆ្នាំ ២០២៣ ដែលលើកទីមួយបានរៀបចំឡើងក្នុងខែមិនា, និងលើកទី២បានបញ្ចប់ទៅថ្មីៗនេះក្នុងខែវិច្ឆិកា។ សហគ្រិនខ្មែរចូលរួមក្នុង សកម្មភាពនេះក្នុងគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ឲ្យសម្រេចបាននូវគោលដៅក្នុងការនាំ ចេញ តាមរយៈការតភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អាជីវកម្មក្នុងស្រុក និងអ្នកបញ្ជាទិញក្រៅប្រទេស ក៏ដូចជាវិនិយោគិននាៗ ក្នុងទីផ្សារសក្តានុពល"។

 


សមាគម IDI នឹងដាក់ឲ្យដំណើរការនូវ "កម្មវិធីច្រកពាណិជ្ជកម្មអន្តរជាតិតែមួយ" ជាមួយនឹងការបើកការិយាល័យតំណាង របស់ខ្លួននៅទីក្រុងឡុងប៊ិច ដើម្បីផ្តល់ការគាំទ្រ និងផ្តល់ប្រឹក្សានៅទីផ្សារអាមេរិកដោយផ្ទាល់ដល់ធុរជនកម្ពុជា និងធុរជន សហរដ្ឋអាមេរិកដែលកំពុងស្វែងរកការធ្វើអាជីវកម្មនៅក្នុងប្រទេសទាំងពីរសមាគម ក៏នឹងគ្រោងរៀបចំបេសកកម្មធុរកិច្ច ស្រដៀងគ្នានេះដែរនៅឆ្នាំក្រោយ ទៅកាន់ទីផ្សារក្រៅប្រទេសផ្សេងៗទៀតដែលរួមមានអូស្ត្រាលី កាណាដា បារាំង ជប៉ុន និង កូរ៉េ ហើយក៏គ្រោងនឹងរបៀបចំម្តងទៀតនៅសហរដ្ឋអាមេរិកផងដែរ៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ អ៊ិន អាត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024