ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សាទរគ្រាដែលរដ្ឋាភិបាលគិតគូរអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីលើកស្ទួយជីវភាព

២៤ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

 

ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចិត្តសប្បាយរីករាយ ខណះមុនបំណាច់ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានជំរុញឲ្យអនុវត្ត របរសន្តិសុខសង្គម បុគ្គលស្វ័យនិយោជ ឬអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើការយ៉ាងឲ្យពួកគាត់ទទួលបានរបបថែទាំសុខភាព និងកិច្ចគាំពារសង្គម។ ដូចេនះ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ អ្នកដែលកំពុងរកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងត្រូវបានរំកិលឱ្យចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលស្ថិតក្រោមការគាំទ្ររបស់អាជ្ញាធរពាក់ព័ន្ធ។ប្រទេសកម្ពុជាមានសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើនណាស់នៅក្នុងប្រទេស  អ្នកប្រកបក្រៅប្រព័ន្ធនេះ មានដូចជា អ្នកលក់កាហ្វេ អ្នកលក់ចាបហួយ អ្នកលក់មីឆាតាមចិញ្ចឹមផ្លូវ អ្នកលក់បាយក្តី និងអ្នករត់ម៉ូតូឌុបក្តី ។ ថ្វីត្បិតតែសកម្មភាពអ្នកប្រកបរបរ ក្រៅប្រព័ន្ធមិនបានចុះបញ្ជី ក៏ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ជាតិ  គឺការលើកស្ទួយកម្រិតជីវភាពគ្រួសារតែម្តង ហើយក៏បានចូលរួមចំណែកមួយផ្នែកក្នុងការកាត់បន្ថយភាពក្រីក្រ។ 

 


លោកស្រី ចាម ចិន្តា ជាអ្នកប្រកបមុខរបរលក់បាយចល័តនៅរាជធានីភ្នំពេញ បានឲ្យដឹងថា មុខរបរលោកស្រីសព្វថ្ងៃនេះ ចំណាយដើមតិច ចំណូលក៏បានតិចដូចគ្នា លក់១ថ្ងៃហូប១ថ្ងៃតែប៉ុណ្ណោះ ។ លោកស្រី បន្តថា រាល់មុខទំនិញមានសភាពឡើងថ្លៃ ក្នុងចំណោមនោះផងដែល អង្ករឡើងថ្លៃជាងគេ ស្របពេលដែល លោកស្រី ជាអ្នកលក់បាយផងនោះ ក្នុង១ព្រឹក លោកស្រី លក់អស់ត្រឹម១០គីឡូប៉ុណ្ណោះ ក្នុង១ប្រអប់បាយតម្លៃលក់បានតែ ៣ពាន់ទៅ៣ពាន់៥រយរៀល។ ខណះ គ្រួសារលោកស្រី ក៏បានខ្ចីកម្ចីធនាគារ៤៥០០$ ដើម្បីបន្តរការសិក្សារបស់កូន។  លោកស្រី ចាម ចិន្តា បន្ថែមទៀតថា ប្រសិនជារាជរដ្ឋាភិបាល គិតគូរប្រជាពលរដ្ឋអ្នកដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកស្រីសំណូមពរឲ្យទំនិញចុះថ្លៃជាងនេះបន្តិច។ 

 


លោកស្រី យឹម វណ្ណា ជាអ្នកប្រកបមុខរបរលក់ពងមាន់ពងទាស្រែ នៅរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះលោកស្រី ចំណាយដើមទុនប្រមាណជា១០លានរៀល បើធៀបទៅនិងប៉ុន្មានឆ្នាំមុនដើមមុនចំណាយត្រឹមតែ២០ ម៉ឺនរៀលប៉ុណ្ណោះ។ ម៉្យាងទៀត លោកស្រីក៏បានខ្ចីលុយធនាគាមួយចំនួន ដើម្បីយកមកពង្រីកមុខរបររបស់ខ្លួនបន្ថែមផងដែល។ លោកស្រី បន្តថា ស្ថានភាពសព្វថ្ងៃនេះ ក្នុង១ថ្ងៃលោកស្រីលក់ពងមាន់ និងពងទាអស់៥ដំ ក្នុង១ដុំមាន៣០០គ្រាប់ ស្មើ១៥០០គ្រាប់។ លោកស្រីបន្ថែមទៀតថា សព្វថ្ងៃនេះពងមាន់ និងពងទា មានការកាត់បន្ថយច្រើន ដោយសារកង្វះការផ្គត់ផ្គង់ក្នុងស្រុក និងនាំចូលពីក្រៅច្រើន ដែលនាំឲ្យពងមាន់ឬពងទា ក្នុងស្រុកលក់បានតម្លៃធូរថ្លៃ។

 


ទន្ទឹមនិងនោះ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានឲ្យដឹង នៅក្នុងកម្មវិធី ទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ១៤វិចិ្ឆកា លើកទី១១ ថា អ្នកលក់ដូរតាមដងផ្លូវ គឺជាកំលាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជដែលបានចូលរួមចំនែកក្នុងការបង្កើតសេដ្ឋកិច្ចដ៏សំខាន់ និងបានស្រូបយកកំលាំងពលកម្មទូរទាំងប្រទេស ជាពិសេសបានកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាន។

 


គួររំលឹកបន្តិចថា ក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សណ្ឋាគារសុខាភ្នំពេញ ។ សម្ដេចធិបតី បានថ្លែងថា ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មប្រចាំថ្ងៃត្រូវបានបែងចែកជា៣គោលដៅ រួមមាន៖ គោលដៅក្រៅប្រព័ន្ធ គោលដៅនៃការអនុវត្តសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងគោលដៅសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ចំពោះប្រជាពលរដ្ឋដែលប្រកបអាជីវកម្មនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលពិបាកក្នុងការទទួលព័ត៌មានពីពួកគាត់ ដូច្នេះទើបរាជរដ្ឋាភិបាលលើកទឹកចិត្តដល់ពួកគាត់ឱ្យចុះបញ្ជីមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីងាយស្រួលក្នុងការទទួលបានព័ត៌មាន និងផ្ដល់ការជួយទំនុកបម្រុងពីគោលនយោបាយគាំពារនានា។

 


សម្តេចធិបតី បានលើកឡើងថា «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។ ការរៀបចំចុះបញ្ជីអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍នេះ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ។ អ្វីដែលក្រសួង/ស្ថាប័នពាក់ព័ន្ធត្រូវធ្វើនោះ គឺការខិតខំបង្ហាញអំពីការគាំពារសង្គម ការផ្ដល់អត្ថប្រយោជន៍នានា និងការអនុគ្រោះមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋបានឃើញ ហើយអាចស្ម័គ្រចិត្តចូលរួមចុះបញ្ជីជាបន្តបន្ទាប់។ ជំរុញការធ្វើអន្តរកាលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅសេដ្ឋកិច្ចក្នុងប្រព័ន្ធ សម្រាប់រយៈពេលមធ្យម និងវែង ដើម្បីកាត់បន្ថយបន្តិចម្ដងៗនូវទំហំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការគាំពារដែលផ្អែកលើភាគទាន ព្រមទាំងបង្កើនចំណូល និងការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ 

 

 

សូមជម្រាបថា នៅកម្ពុជា ប្រជាជនមានការងារធ្វើ មានចំនួនសរុបជិត ៧.៩លាននាក់ (យោងតាមអង្កេតកម្លាំងពលកម្ម ឆ្នាំ២០១៩ ) ក្នុងនោះប្រជាជនមានការងារធ្វើក្នុងប្រព័ន្ធ មានចំនួនជិត១.៧លាននាក់ ឬ២១.៥ នៃប្រជាជនមានការងារធ្វើសរុប។ ដោយឡែក ប្រជាជនមានការងារធ្វើជិត ៦.២លាននាក់ផ្សេងទៀត ធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ៕

 

អត្ថបទ: ថុន សុកេតុមាលា រូបភាពៈ អ៊ិន អាន និងឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024