ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

អ៊ីស្រាអ៊ែលនិងហាម៉ាស់ចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ថ្ងៃនៅព្រឹកថ្ងៃសុក្រនេះ

២៤ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

 

 

អ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ថ្ងៃ នៅព្រឹកថ្ងៃសុក្រនេះ។  ក្រុមហាម៉ាស់ នឹងដោះលែងក្រុមចំណាប់ខ្មាំងដំបូង១៣នាក់ដែលមានស្ត្រីនិងកុមារអ៊ីស្រាអ៊ែលនៅពេលល្ងាច។ នេះជាពេលវេលាផ្អាកការបាញ់ផ្លោងលើកដំបូងនៅក្នុងសង្គ្រាមដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាយ៉ាងដំណំ។ 

 

កិច្ចព្រមព្រៀង ចាប់ផ្តើមនៅម៉ោង៧ព្រឹក(0500 GMT) ដែលមានបទឈប់បាញ់គ្រប់ជ្រុងជ្រោងនៅតំបន់ភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សា។ ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងជាង២០០នាក់ នៅពេលចូលវាយប្រហារលើប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា។ 

 

ជំនួយបន្ថែមទៀតនឹងចាប់ផ្តើមដឹកជញ្ជូនចូលតំបន់ហ្គាហ្សា ហើយក្រុមចំណាប់ខ្មាំងដំបូងមានស្ត្រីវ័យចំនាស់ នឹងត្រូវដោះលែងនៅម៉ោង៤ល្ងាច(1400 GMT)។ ចំនួនចំណាប់ខ្មាំងសរុបដែលនឹងត្រូវដោះលែងក្នុងរយៈពេល៤ថ្ងៃនេះ នឹងមានចំនួន៥០នាក់។

 

ប្រទេសអេហ្ស៊ីបលើកឡើងថា ប្រេងឥន្ធនៈ១៣០,០០០លីត្រ និងរថយន្តដឹកហ្គាសចំនួន៤ នឹងបញ្ជូនទៅតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ នៅពេលបទឈប់បាញ់ចាប់ផ្តើមអនុវត្តន៍ ហើយជំនួយច្រើនជាង២០០រថយន្តនឹងដឹកចូលតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ។ 

 

ពលរដ្ឋប៉ាលេស្ទីនរំពឹងនឹងដោះលែងពីពន្ធនាគារអ៊ីស្រាអ៊ែល។ យោងអ្នកនាំពាក្យប្រទេសកាតាថ្លែងប្រាប់អ្នកសារព័ត៌មាន។ អ្នកនាំពាក្យបន្តថា «យើងទាំងអស់គ្នាសង្ឃឹមថា បទឈប់បាញ់នឹងផ្តល់ឱកាសឱ្យចាប់ផ្តើមការងារដើម្បីសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍»។ 

 

អ៊ីស្រាអ៊ែល បានចាប់ផ្តើមវាយប្រហារលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមប្រយុទ្ធក្រុមហាម៉ាស់ ឆ្លងចូលព្រំដែនអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា និងបានសម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្ស២៤០នាក់ផ្សេងទៀតជាចំណាប់ខ្មាំង។ ក្រសួងសុខាភិបាល​ នៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានលើកឡើងថា មនុស្សច្រើនជាង ១៤០០០នាក់ រួមមានកុមារច្រើនជាង៥០០០នាក់ ត្រូវសម្លាប់​នៅពេលអ៊ីស្រាអ៊ែលវាយប្រហារលើតំបន់ហ្គាហ្សា។ 
 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024