ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥

ទ្រី តារាវុធ ទទួលពាន Model Star Award  2023 នៅកូរ៉េ ខណៈត្រៀមថតរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» វគ្គ២ ឆាប់ៗនេះ!

០៦ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

 

តារាសម្ដែងលោក ទ្រី តារាវុធ បានពានរង្វាន់ Model Star Award  2023 ពីកម្មវិធី Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង ធ្វើឱ្យហ្វេនៗស្ងើចសរសើរលោកជាខ្លាំង ខណៈលោកត្រៀមថតរឿងភាគ «ប្រហុកស្រែស្នេហ៍ខ្ញុំ» វគ្គ ២ នាពេលឆាប់ៗខាងមុខ ។

 


 តារាសម្ដែង និងជាតារាម៉ូដែល លោក ទ្រី តារាវុធ បានឡើងទទួលពានរង្វាន់ Model Star Award ពីកម្មវិធី 2023 Asia Model Festival ដែលប្រារព្ធឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនៅប្រទេសកូរ៉េខាងត្បូង។ 

 

 

តារាវុធ បានបង្ហាញអារម្មណ៍រំភើបក្រៃលែង និងមោទនភាពក្នុងមានជាតារាតំណាងកម្ពុជាឡើងទទួលពានរង្វាន់យ៉ាងដូច្នេះថា៖ «អរគុណសន្តិភាព មោទនភាព កិត្តិយសដែលទទួលបានសូមផ្តល់ជូនប្រទេសកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង ក្រុមគ្រួសារជាទីស្រលាញ់ អ្នកគាំទ្រគ្រប់រូប និង អ្នកផ្តល់ឲនូវគ្រប់ឱកាស អរគុណខ្លួនឯងដែលអាចរឹងមាំដើរទៅកាន់ក្តីស្រម៉ៃរបស់ខ្លួនឯង Congratulations to Daravuth Try for receiving Model Star Award in 2023 Asia Model Festival on Nov 05, 2023 at IVEX Studio, AK Plaza, Gwangmyoeng, Korea»។

 

 

ស្របពេលកំពុងតំណាងប្រទេសកម្ពុជាទទួលពានលើឆាកអន្តរជាតិ តួឯកប្រុសរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» ក៏ត្រៀមថតរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» វគ្គ២ ឆាប់ៗនេះផងដែរ បន្ទាប់ពីវគ្គ ១ ផ្ទុះការគាំទ្រយ៉ាងសន្ធឹកពីអ្នកគាំទ្ររឿងភាគខ្មែរភីអិនអិន។ 

 

 

ក្នុងកិច្ចសម្ភាសន៍កន្លងទៅជាមួយកម្មវិធីជីវិតកម្សាន្ត លោក ទ្រី តារាវុធ បានឱ្យដឹងថា ឆាប់ៗនេះទស្សនិកជននឹងបានទស្សនារឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» វគ្គ២ ដែលពេលនេះលោកនិងក្រុមការងារភីអិនអិនកំពុងជជែកគ្នាលើគម្រោងរឿងវគ្គ២នេះ តែយ៉ាងណាលោកមិនទាន់អាចលម្អិតពីរឿងនេះនៅឡើយ។

 

 

គ្រាន់តែបង្ហើបខ្លីៗថា សាច់រឿងវគ្គ២ ច្បាស់ជាល្អមើលជាងវគ្គ១ទៅទៀត ដូច្នេះលោកកសង្ឃឹមថា ពុកម៉ែបងប្អូននឹងបន្តគាំទ្រស្នាដៃរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» វគ្គ២ ពេលរឿងនេះចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន។

 

 

ដើម្បីដឹងច្បាស់ពីបច្ចុប្បន្នភាពនៃការថតរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» វគ្គ២ លោកអ្នកអាចតាមដានសកម្មភាពរបស់តួឯកប្រុសស្រីទាំងពីរ គឺលោក ទ្រី តារាវុធ និងកញ្ញា ប៉ុន សារ៉ាវត្តី លើទំព័រហ្វេសប៊ុកផ្លូវការរបស់តារាសម្តែងស្រស់សង្ហាទាំងពីររូបនេះ៕

 

 

 អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN & Facebook

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025