ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
អ្នកបង្កើតមាតិកាម្ហូបអាហារដ៍ពេញនិយម Eatame ប្តេជ្ញាបន្តចូលរួមលើកស្ទួយវិស័យម្ហូបអាហារ និងទេសចរណ៍របស់កម្ពុជា ទោះបីសព្វថ្ងៃ អ្នកបង្កើតមាតិកាម្ហូបអាហារកំពុងរីកលូតលាស់ដូចផ្សិតក៏ដោយ។
ជាការពិតណាស់ សព្វថ្ងៃអ្នកបង្កើតមាតិកាម្ហូបអាហារកំពុងរីកលូតលាស់ដូចផ្សិត តែអ្នកខ្លះជោគជ័យ ខ្វះទៀតមិនជោគជ័យទេ ព្រោះតែការផលិត និងការបរិយាយព័ត៌មានទៅកាន់អ្នកទស្សនា។ តួយ៉ាង Eatame (អ៊ីតតាមី) គឺជាអ្នកបង្កើតមាតិកានៃវិស័យម្ហូបអាហារដ៍ពេញនិយមមួយ ដែលមានអ្នកតាមដានរហូតដល់ 1.3 លាននាក់លើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈការផលិតវីដេអូម្ហូបអាហារដែលជួយលើកស្ទួយវិស័យម្ហូបអាហារ និងទេសចរណ៍របស់កម្ពុជាយើង។
គិតមកទល់ពេលនេះ រយៈពេល៨ឆ្នាំមកដែលលោក ម៉ៅ និមល ហៅ Eatame បានចូលរួមផ្សព្វផ្សាយពីវិស័យម្ហូបអាហារ និងទេសចរណ៍ បន្ទាប់ពីលោករកឃើញថា មានកង្វះខាតអ្នកបង្កើតមាតិកាក្នុងឧស្សាហកម្មម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា។ បុរសវ័យ ៣១ឆ្នាំរូបនេះជឿជាក់ថា ការលើកម្ពស់ឧស្សាហកម្មអាហារអាចជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកបាន មិនថានៅកម្ពុជា ឬអន្តរជាតិទេ ឧស្សាហកម្មម្ហូបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឧស្សាហកម្មទេសចរណ៍ ព្រោះវាអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តនៅប្រទេសយើងតាមរយៈវីដេអូដែលបង្ហោះលើ social media សព្វថ្ងៃនេះ។
កន្លងមកអ្នកបង្កើតមាតិកាដ៏ល្បីរូបនេះ បានចុះថតផ្ទាល់ដល់ហាងអាហារ និងកន្លែងធ្វើម្ហូបបង្អែមជាច្រើនទាំងនៅភ្នំពេញ និងបណ្តាខេត្តផងដែរ ពោលគឺគ្រប់កន្លែងដែលអាចប្រ៉ូម៉ូតពីសេវាកម្មម្ហូបអាហារ និងតំបន់ទេសចរណ៍ខ្មែរយើងបាន។ ពិសេស ហាងលក់ម្ហូបខ្មែរដែលលក់បន្តជំនាន់ ឬការច្នៃប្រឌិតថ្មីៗដោយស្នាដៃកូនខ្មែរយើងតែម្តង។ ទោះកំណើនអ្នកបង្កើតវីដេអូកំពុងកើនខ្លាំងក៏ពិតមែន លោកប្តេជ្ញានឹងនៅតែបន្តសម្រិតសម្រាំងការផលិតឱ្យកាន់តែល្អ ដើម្បីចែករំលែកទៅឱ្យពិភពលោកបានឃើញ។
សូមជម្រាបថា Eatame ចាប់បង្កើតវីដេអូតាំងពីឆ្នាំ២០១៦មកម្ល៉េះ និងបានរកឃើញភាព unique របស់ខ្លួនឯងក្នុងនាមជាអ្នកបង្កើតមាតិកា។ បច្ចុប្បន្ន លោកមានអ្នកតាមដានច្រើនជាង 1.3 លាននាក់លើបណ្តាញសង្គមហ្វេសប៊ុក និងមានអ្នកតាមដាន 626K នៅលើ TikTok៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ