ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
មនុស្សម្នាជាច្រើនកំពុងសម្រុកទៅទស្សនាពិព័រណ៍ពិសេសសម្រាប់បុណ្យ Halloween ដែលមានល្ពៅយក្សរាប់ពានផ្លែត្រូវបានឆ្លាក់ជាចង្កៀងរូបប្លែកៗនៅតំបន់ភ្នំ Santa Monica ក្បែរទីក្រុង Los Angeles។
ព្រឹត្តិការណ៍ពិព័រណ៍ "Nights of the Jack" (ណាយ អហ្វ ជេក) ត្រូវបានចាត់ទុកថាជាទឹកដីដ៏អស្ចារ្យនៃពិធីបុណ្យ Halloween ដែលមានល្ពៅឆ្លាក់ជារូបផ្សេងៗជាច្រើនរាប់ចាប់ពីដាយណូស័រ មនុស្សក្រៅភព ព្រះនាងក្នុងរឿង Disney រហូតដល់រូបចម្លាក់តុក្កតា SpongeBob (ស្ប៉ង់បប់) និងរូបតារាហូលីវូដជាច្រើនទៀត។
ផលិតករកម្មវិធីលោក Tobias Daniels (ថូបេស ដាណេលស៍) បានប្រាប់សារព័ត៌មានរ៉យទ័រថា "អ្វីគ្រប់យ៉ាងនៅលើដងផ្លូវដែលមានចម្ងាយប្រមាណ ១គីឡូកន្លះនេះ គឺធ្វើឡើងពីចង្កៀងល្ពៅទាំងអស់ ដូច្នេះមិនថាអ្នកកំពុងដើរកាត់ដែនដីដាយណូស័រ ដែនដី Disney ឬទីតាំងផ្សេងៗនោះទេ គ្រប់គ្នានឹងបានរីករាយជាមួយអារម្មណ៍នៃពិធីបុណ្យ Halloween និងនឹកឃើញអតីតកាលដ៏រីករាយនៅវ័យកុមារ”។
លោក John Grilli (ចន គ្រីលី) ភ្ញៀវទេសចរវ័យ ៤៨ឆ្នាំម្នាក់ដែលបានមកចូលរួមទស្សនាកម្មវិធីនេះជាមួយមិត្តស្រីរបស់ខ្លួនបាននិយាថា ការតាំងពិព័រណ៍នេះគឺពិតជាអស្ចារ្យណាស់ ព្រោះវាបង្ហាញពីសិល្បៈ ភាពច្នៃប្រឌិត និងទស្សនីយភាពដ៏ស្រស់ស្អាត និងគិតថាការចូលរួមបុណ្យ Halloween ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាក្លាយជាក្មេងម្ដងទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានប្រើប្រាស់ល្ពៅប្រមាណបួនទៅប្រាំពាន់ផ្លែ ហើយអ្នកទស្សនាត្រូវចំណាយពេលប្រហែល ២៥ នាទីដើម្បីដើរមើលអស់។ កម្មវិធីនេះនឹងបន្តបើករហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ៕
ប្រែសម្រួល៖ វ៉ាន់ថន