ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥

ទូច ណារ៉ាឌី រំភើបក្រោយបានសម្តែងប៉ះ ស្រីស្អាត សុ ធារ៉ា លើកដំបូងក្នុងរឿង «កូនប្រសារស្រី»

២៥ តុលា ២០២៣ | កម្សាន្ដ

 

រឿងភាគខ្នាតធំថ្មីរបស់ភីអិនអិន គឺ រឿង «កូនប្រសារស្រី» ដែលជាស្នាដៃនិពន្ធ និងដឹកនាំរឿងរបស់ អ្នកស្រី ពាន់ ភួងបុប្ផា កំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ ដើម្បីបញ្ចប់ការថតឱ្យទាន់ពេលវេលាដែលបានកំណត់។

 

 

«កូនប្រសារស្រី» ជាខ្សែភាពយន្តប្រកបដោយគុណភាព និងសម្រិតសម្រាំងខ្លាំងលើសាច់រឿង និងតួអង្គសម្តែងដែលស័ក្កសមបំផុតសម្រាប់សាច់រឿងទាំង៣វគ្គ រួមមាន៖ កូនប្រសារត្រកូលទាប , កូនប្រសារខុសសាសន៍ និងកូនប្រសារកាត់បំណុល។តារាសម្តែងមានឈ្មោះបោះសម្លេងជាច្រើនរូប ត្រូវប្រមូលផ្តុំក្នុងរឿងនេះតែមួយ ដើម្បីចងប្រទាក់សាច់រឿងឱ្យកាន់តែល្អមើលពីមួយវគ្គទៅមួយវគ្គ។ 

 

 

គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោមតួអង្គទាំងអស់ ក៏មានស្រីស្អាត សុ ធារ៉ា ផងដែរ ដែលកញ្ញានឹងត្រូវសម្តែងប៉ះកម្លោះសង្ហា ទូច ណារ៉ាឌី នៅក្នុងវគ្គ កូនប្រសារកាត់បំណុល។ ផ្តល់កិច្ចសម្ភាសន៍ក្នុងថ្ងៃក្រុងពាលីរឿង «កូនប្រសារស្រី» តារាសម្តែងកម្ពស់ 1.83cm ណារ៉ាឌី បានបង្ហាញក្តីរំភើបដែលលោកទទួលបានឱកាសថតរឿងភាគខ្នាតធំថ្មីនេះ ជាមួយតួស្រីថ្មី គឺកញ្ញា សុ ធារ៉ា ដែលអ្នកទាំងពីរពុំធ្លាប់សម្តែងប៉ះគ្នាពីមកឡើយ។ 

 


រៀបរាប់បន្តដោយទឹកមុខញញឹមប្រិមប្រិយ តារាសម្តែងទាំងពីររូបថា ពួកយើងនឹងព្យាយាមបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាទាំងក្នុងនិងក្រៅសាច់រឿង ដើម្បីជំរុញការសម្តែងឱ្យចេញមកបានកាន់តែល្អប្រសើរ។ ទោះវាជាលើកដំបូង តែសង្ឃឹមថា គ្រប់យ៉ាងនិងដំណើរការទៅបានរលូនតាមការគ្រោងទុក។

 

 

ទាំង ណារ៉ាឌី និង សុ ធារ៉ា សុទ្ធតែមានក្តីរំពឹងលើស្នាដៃរឿងថ្មីនេះដូចគ្នា ព្រោះជឿទុកចិត្តលើស្នាដៃផលិតរបស់អ្នកដឹកនាំរឿងជើងចាស់ដ៏ល្បីល្បាញ អ្នកស្រី ពាន់ ភួងបុប្ផា។កុំភ្លេចរង់ចាំតាមដានទស្សនារឿង «កូនប្រសារស្រី» ដែលជាស្នាដៃរឿងភាគខ្នាតធំថ្មីរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិននាពេលឆាប់ៗខាងមុខនេះ!

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025