ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ត្រឡប់មកដល់ទឹកដីកំណើតភ្លាម អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ បង្ហាញអារម្មណ៍រំភើបលាយឡំដោយទឹកភ្នែក និងមោទនភាពក្នុងនាមជាកូនខ្មែរដែលបាននាំសម្លៀកបំពាក់ទៅដើរម៉ូដក្នុងកម្មវិធី Milan Fashion Week 2023 ។
Designer ខ្មែរតែម្នាក់គត់ដែលបាននាំយក Collection ទៅចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធីដើរម៉ូដលំដាប់អន្តរជាតិ Milan Fashion Week 2023 គឺ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ និងកូនសិស្សចំនួន ២នាក់ បានត្រឡប់មកដល់មាតុប្រទេសដោយសុវត្ថិភាពវិញហើយ កាលពីចុងសប្តាហ៍កន្លងទៅ។ អ្នកច្នៃម៉ូដរូបនេះ ត្រឡប់មកវិញដោយភាពជោគជ័យដ៏ធំធេង និងពានរង្វាន់ TOP FASHION DESIGNER AWARD 2023 ពីកម្មវិធីលំដាប់អន្តរជាតិនេះ
គ្រាន់តែមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម អូលីវ៉ា បានបង្ហាញអារម្មណ៍រំភើប និងមោទនភាព ដែលលោកអាចនាំសម្លៀកបំពាក់ខ្មែរយើងទៅដើរបង្ហាញម៉ូដលើឆាក Milan Fashion Week 2023 ដែលនេះជាក្តីសុបិន្តធំមួយក្នុងជីវិតលោក។
លោកពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ពេលឃើញតារាម៉ូដែលបរទេស និងក្រុមគ្រួសាររបស់ពួកគេ រួមទាំងអ្នករៀបចំកម្មវិធី ចាប់អារម្មណ៍ឈុតសម្លៀកបំពាក់ខ្មែរ ពិសេសម៉ូដសក់អប្សរាលើប្រាង្គប្រាសាទអង្គរ ដែលលោកយកទៅបញ្ចូលគ្នាជាមួយឈុតសម្លៀកបំពាក់ទាំងនោះ ដោយគ្រប់គ្នាបានស្ទាបអង្អែល រួចសរសើរពីម៉ូដសក់អប្សរាខ្មែរមិនដាច់ពីមាត់នោះឡើយ។ អូលីវ់ា រំភើបខ្លាំងរហូតស្រក់ទឹកភ្នែក ពេលឃើញសម្លៀកបំពាក់ និងតារាម៉ូដែលខ្មែរយើងបានដើរបង្ហាញម៉ូដក្នុងកម្មវិធីលំដាប់អន្តរជាតិបែបនេះ។
អូលីវ៉ា គង់ រំលឹកថា ពេលនោះលោកក៏បានរៀបរាប់ដំណើរដើមទង និងប្រភពនៃម៉ូដសក់អប្សរាឱ្យគ្រប់គ្នាបានដឹង រហូតគេនាំគ្នាស្រែកថា វ៉ាវ ពីភាពអស្ចារ្យរបស់ខ្មែរយើង ថែមទាំងមានបំណងចង់មកលេងស្រុកខ្មែរទៀតផង។ នេះពិតជាធ្វើលោកសប្បាយចិត្តជាខ្លាំង ព្រោះបានប្រាប់ឱ្យអន្តរជាតិស្គាល់ពីប្រទេសកម្ពុជាច្រើនឡើង។
បន្ទាប់ពីចប់បេសកម្មដើរម៉ូដកម្មវិធី Milan Fashion Week 2023 នៅអ៊ីតាលី និងបានធ្វើដំណើរកម្សាន្ត៣ប្រទេសលើទឹកដីអ៊ឺរ៉ុបហើយនោះ អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា ចាប់ផ្តើមរិះរកគំនិតច្នៃប្រឌិតថ្មីៗសម្រាប់គម្រោងបន្តបន្ទាប់ ដែលលោកនឹងត្រូវហោះចេញទៅប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងដើមឆ្នាំ២០២៤ ដែលខ្លះជាកម្មវិធី Fashion show ខ្លះទៀតគឺគេហៅលោកទៅបង្រៀនការដើរ Catwalk តែម្តង។ ដូច្នេះ កុំភ្លេចរង់ចាំអ៊ុតមើលថា លោក និងប្រេន KALKIN (កាល់ ល៎ កិន) នឹងមានអ្វីថ្មីប្លែកនាពេលខាងមុខនេះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច