ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
មនុស្សចាស់ គឺជាឪពុកម្តាយ ជីដូន ជីតា និងជាអ្នកមានគុណបំណាច់ចំពោះយើង និងចំពោះប្រទេសជាតិ។ មនុស្សចាស់ខ្លះ ប្រឈមនឹងបញ្ហាច្រើន ទើបថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានអំពាវនាវឱ្យអាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះមនុស្សចាស់បន្ថែមទៀត។
មនុស្សចាស់ គឺជាឪពុកម្តាយ ជីដូន ជីតា និងជាអ្នកមានគុណបំណាច់ចំពោះយើង និងចំពោះប្រទេសជាតិយើង ។ បញ្ហាប្រឈមតែងតែកើតឡើងចំពោះមុនស្សដែលរស់នៅតំបន់ជនបទដាច់ស្រយាល ដែលមានជីវភាពលំបាក ហើយទទួលបានការថែទាំមនុស្សចាស់មានកម្រិត មនុស្សចាស់ដែលជាស្ត្រីមានបន្ទុកគ្រួសារក្នុងការថែទាំចៅៗដោយសារឪពុកម្តាយរបស់ពួកគេធ្វើចំណាកស្រុក លែងលះគ្នា ឬឪពុកម្តាយស្លាប់ចោល ។
ខ្ញុំសូមអំពាវនាវដល់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ មេត្តាផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឱ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់របស់យើង។ នេះគឺជាការថ្លែងសាររបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងទិវាមនុស្សចាស់ ក្រោមប្រធានបទ ការជួយមនុស្ស គឺជួយយើងទាំងអស់គ្នា នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នេះ។
ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី បានបន្ថែមថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ជាសេនាធិការ បានដាក់ចេញនូវយន្តការជាច្រើន ដែលក្នុងនោះក៏រួមទាំងបន្តពង្រឹងការថែទាំមនុស្សចាស់នៅតាមឃុំ សង្កាត់ ជំរុញកម្មវិធីអភិវឌ្ឍមនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់នៅតាមគ្រួសារឱ្យកាន់តែប្រសើរឡើង ជាពិសេសជំរុញការរៀបចំ និងដំណើរការសេវាជនចាស់ជរា ដើម្បីបណ្តុះបណ្តាលភ្នាក់ងារផ្តល់សេវាថែទាំមនុស្សចាស់ជរា ជំរុញការផ្តល់ការលើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ជាពិសេសអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បន្តអនុវត្តគម្រោងមួយចំនួន ក្នុងទិសដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ក្នុងការបន្តបណ្តុះបណ្តាលភ្នាក់ងារផ្តល់សេវាថែទាំមនុស្សចាស់ លើកទឹកចិត្តឱ្យបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង ក្នុងការផ្តល់សេវាថែទាំមនុស្សចាស់ តាមរយៈភ្នាក់ងារដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ។
ទន្ទឹមនឹងមើលឃើញនូវបញ្ហា ឬការប្រឈមនានារបស់មនុស្សចាស់ទៅ ឯកឧត្តមឌីន បូរី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក៏បានមើលឃើញនូវកត្តាវិជ្ជមានដែលកើតចេញពីប្រពៃណីដ៏ផូរផង់របស់ខ្មែរផងដែរ ហើយថាមនុស្សវ័យចាស់កម្ពុជា មានភ័ព្វសំណាងជាងមនុស្សចាស់នៅបណ្ដាប្រទេសផ្សេងៗដោយសារតែប្រជាជនកម្ពុជាមានប្រពៃណីទំនៀមទម្លាប់រស់នៅជុំគ្នាជាលក្ខណៈប្រព័ន្ធគ្រួសារដែលមានមនុស្សច្រើនជំនាន់រស់នៅជាមួយគ្នា ហើយការរស់នៅជាប្រព័ន្ធគ្រួសារបែបនេះគឺជាសំណាញ់សុវត្ថិភាពបែបប្រពៃណី ដែលអាចជួយដល់មនុស្សវ័យចាស់មិនឱ្យជួបប្រទះបញ្ហានានាដែលអាចកើតមានឡើងចំពោះពួកគាត់ ។ ឯកឧត្តម ឌីន បូរី បន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជា បានបង្កើតសមាគមមនុស្សចាស់នៅចំនួន១ ៦៤៦ឃុំសង្កាត់ទូទាំងប្រទេស ៕
អត្ថបទ និងរូបភាព៖ ខឿន សាឃាង