ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

កម្ពុជា សម្រេចនាំចេញកៅស៊ូជាង ២សែនតោន ក្នុងរយៈពេល ៨ខែ

០៣ តុលា ២០២៣ | សេដ្ឋកិច្ច

 

របាយការណ៍ពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ការនាំចេញកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២៣នេះ សម្រេចបានជាង ២សែនតោន ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ កើនឡើងជាង ៦ពាន់តោន។

 

 

ប្រភពដដែលបញ្ជាក់ថា តម្លៃកៅស៊ូជាមធ្យមក្នុងខែសីហាកន្លងមកនេះ គឺមានតម្លៃ ១ពាន់ ២៧៧ដុល្លារក្នុងមួយតោន ដោយថយចុះប្រមាណ ២៧ដុល្លារក្នុងមួយតោន ធៀបនឹងខែមុន ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ គឺថយចុះជាង ១៥៣ដុល្លារ ក្នុងមួយតោន។

 


ក្នុងរយៈពេល ៨ខែនេះ កម្ពុជា ទទួលបានចំណូលជិត ២៧៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន ២៧២លានដុល្លារ ដោយបាននាំចេញជ័រកៅស៊ូសរុបចំនួន ២សែនតោន ខណៈការនាំចេញឈើកៅស៊ូ ទទួលបានទឹកប្រាក់សរុបចំនួន ១លាន ១សែនដុល្លារអាមេរិក ដោយនាំចេញឈើកៅស៊ូសម្រេចបានចំនួន ៧ពាន់ម៉ែត្រគូប។

 


ជាមួយគ្នានេះ តម្លៃលក់ជ័រកៅស៊ូ គិតជាមធ្យមក្នុងរយៈពេល ៨ខែនេះគឺ ប្រមាន ១ពាន់ ៣២៧ដុល្លារក្នុងមួយតោន ពោលគឺ ថយចុះ ២៣០ដុល្លារក្នុងមួយតោន ស្មើនឹង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

 


បើតាមក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ៣១ម៉ឺនហិកតា ខណៈផ្ទៃដីថែទាំមាន ៩ម៉ឺនហិកតា ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025