ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គ្រោងបង្កើនរោងចក្រសហគ្រាសរហូតដល់ចំនួន ៣០០ និងបង្កើនការងាររហូតដល់ចំនួន ១០ម៉ឺនកន្លែង

០៣ តុលា ២០២៣ | សេដ្ឋកិច្ច

 

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គ្រោងបង្កើនរោងចក្រសហគ្រាសរហូតដល់ចំនួន ៣០០ និងបង្កើនការងាររហូតដល់ចំនួន ១០ម៉ឺនកន្លែង ខណៈគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់។តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាប់ផ្តើមដំណើរការនៅខែមីនា ឆ្នាំ២០០៨ និងមានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដីទំហំជាង ១ពាន់ហិកតា។

 


របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានគម្រោងវិនិយោគចំនួនជាង ២៣០គម្រោង និងបានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥ ៦០០ នាក់។តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានមុខសញ្ញាវិនិយោគដូចជា ផលិតសម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ និងបន្ទះសូឡា ។

 


កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយឯកឧត្តម វ៉ាង ឆុន អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ និងថ្នាក់ដឹកនាំការិយាល័យពាណិជ្ជកម្មខេត្តវ៉ូស៊ី និងតំណាងក្រុមហ៊ុនសហគ្រាសធំៗ មកពីទីក្រុងណានជីង និងទីក្រុងស៊ូចូ ប្រទេសចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 


ជំនួបនេះមានគោលបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងខេត្តជាំងស៊ូ និងដើម្បីបង្ហាញអំពីកាលានុវត្តភាព សក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសសមិទ្ធផលអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ 

 


សេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ថា៖ «ឯកឧត្តមអគ្គលេខាធិការ បានស្នើឱ្យថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ និងប្រតិភូអមដំណើរ ជួយជំរុញនិងកៀរគរវិនិយោគិនចិនបន្ថែមទៀតមកកម្ពុជា ក៍ដូចជាមកបណ្តាក់ទុនវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន បានអភិវឌ្ឍន៍រួចរាល់ប្រមាណ ៧០ភាគរយ នៃទំហំផ្ទៃដី សរុប ១ ១១៣ ហិកតា ដែលគ្រោងបង្កើនរោងចក្រសហគ្រាសរហូតដល់ ៣០០ និងបង្កើនការងាររហូតដល់ ចំនួន ១០ម៉ឺនកន្លែង»។

 


ក្នុងជំនួបនេះឯកឧត្តម ជា វុទ្ធី បានលើកឡើងពីគោលនយោបាយគាំទ្រ និងផែនការសកម្មភាពចំពោះមុខនានា ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានដាក់ចេញក្នុងទិសដៅជំរុញ និងទាក់ទាញវិនិយោគមកកម្ពុជា ជាពិសេសការផ្តល់នូវសុខសុវត្ថិភាព និងទំនុកចិត្តដល់វិនិយោគិន ក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា និងលើកឡើងអំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគ និងសក្តានុពលវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជា។


ភាគីទាំង២បានប្តេជ្ញាជំរុញការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគមកកម្ពុជាដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំង២ កម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើន និងមានទំហំកាន់ធំឡើង ជាពិសេសពីខេត្តជាំងស៊ូមកកម្ពុជា។


ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង អតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីខែមេសា ឆ្នាំ២០២៣ លោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានថ្លែងថា កន្លងមកនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន៕

 

 

អត្ថបទ៖ AKP រូបភាព៖ AKP

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025