ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ការនាំចេញរបស់ថៃ បានស្ទុះងើបឡើងវិញដល់ កំណើនវិជ្ជមានជាលើកដំបូង ក្នុងរយៈពេល ១១ខែ ដែលគាំទ្រដោយភាពប្រសើរឡើងនៃ វិស័យផលិតកម្មសកល ការចំណាយរបស់អ្នកប្រើប្រាស់ជាវិជ្ជមាន និងវិស័យសេវាកម្មដែលកំពុងកើនឡើង ក្នុងចំណោមដៃគូពាណិជ្ជកម្ម។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។
ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា កំណើននេះ ត្រូវបានជំរុញដោយការលើកកម្ពស់គោលនយោបាយថាមពលស្អាត និងតម្រូវការខ្ពស់សម្រាប់ផលិតផលបច្ចេកវិទ្យា ខណៈដែលការធ្លាក់ថ្លៃទាក់ទងនឹងប្រាក់បាត ក៏មានឥទ្ធិពលវិជ្ជមានលើការនាំចេញផងដែរ។
ក្រសួង បន្តថា តម្លៃនៃការនាំចេញ បានកើនឡើង ២,៦% ក្នុងខែសីហាដល់ ២៤ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចូលបានធ្លាក់ចុះ ១៣% ដល់ជិត ២៤ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៣៦០លានដុល្លារអាមេរិក។
ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មបានធ្លាក់ចុះ ១,៥% សម្រាប់ខែសីហាដល់ ៤ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចេញផលិតផលឧស្សាហកម្ម កើនឡើង ២% ដល់ ១៩ពាន់លានដុល្លារអាមេរិក។
សម្រាប់រយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ថៃបានធ្លាក់ចុះ ៤% មកត្រឹម ១៨៨ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចូលធ្លាក់ចុះ ៥% មកត្រឹម ១៩៦ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួនជិត ៨ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយ អ្នកជំនាញអះអាងថា គោលដៅនាំចេញប្រចាំឆ្នាំរបស់ថៃ នៅតែមិនផ្លាស់ប្តូរក្នុងកំណើន ១ ទៅ ២% ដោយវិស័យឯកជនរបស់ប្រទេសថៃ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញ ហើយកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន មានសារៈសំខាន់ក្នុងការគាំទ្រសកម្មភាពនាំចេញ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ