ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

អ្នកសូកប៉ាន់ ក្នុងការប្រឡងបាក់ឌុប អាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ

២៧ កញ្ញា ២០២៣ | ព័ត៌មានជាតិ

 


 


បទប្បញ្ញត្តិ និងការពិន័យ សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០២៣នេះ ក្រៅពីធ្លាក់ដោយស្វ័យ ប្រវត្តិ ដកសិទ្ធិប្រឡង ២ឆ្នាំ ក៏នៅមានទោសមួយទៀត គឺជាប់ពន្ធនាគារ ៥ឆ្នាំ ទៅ ១០ឆ្នាំ ក្នុងករណីបេក្ខជនបំពានបទល្មើស ដូចជា សូកប៉ាន់ ក្នុងការប្រឡង ជាដើម។


បទសូកប៉ាន់ តាមមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ ឆ្នាំ ចំពោះបុគ្គលណា ដោយគ្មានសិទ្ធិដោយផ្ទាល់ ឬប្រយោល ប្រគល់អំណោយ ឬជំនូនផ្តល់ការសន្យាជាមួយ ឬផ្ដល់អត្ថប្រយោជន៍អ្វីមួយដល់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីឱ្យអ្នករាជការ ឬពលរដ្ឋនោះ។

 

 

ការយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ការឱ្យអ្នកដទៃមកប្រឡងជំនួស ការធ្វើឱ្យខូចសម្ភារក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា ការមិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង បេក្ខជននោះនឹងធ្លាក់ដោយស្វ័យប្រវត្តិ ថែមទាំងផ្អាកមិនឱ្យប្រឡង ២ ឆ្នាំបន្ទាប់។

 

 

ករណីចាំបាច់បេក្ខជននោះ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដោះស្រាយទៅតាមច្បាប់ ។ នេះគឺជាបទបញ្ជាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ដែលត្រូវបានក្រសួងអប់រំយុវជន និងកីឡាប្រកាស និងបានកំណត់យកថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។

 

 

បទបញ្ញត្តិ និងកម្រិតពិន័យចំពោះបេក្ខជនក្នុងការប្រឡងបាក់ឌុប ដដែលនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា ចំពោះការប្រព្រឹត្តឆ្គាំឆ្គងរបស់បេក្ខជនប្រឡង ដូចជា បេក្ខជនដែលលួចចម្លងគឺត្រូវបញ្ឈប់មិនឱ្យប្រឡងបន្តទៀត និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។

 


ចំពោះករណីដែលបេក្ខជនបង្កើតសកម្មភាពធ្វើឱ្យខូចសណ្ដាប់ធ្នាប់របៀបរៀបរៀបរយ នៃការប្រឡង និងប៉ះពាល់លកិត្តិយសគណៈមេប្រយោគ ក្នុងកម្រិតពិន័យថា្នក់ទី១ មិនអនុញ្ញាតឱ្យចូលប្រឡង និងកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។ ក្នុងកម្រិតពិន័យថ្នាក់ទី២ កំណត់ឱ្យបបេក្ខជនធ្លាក់ដោយស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡង ១ ឆ្នាំបន្ទាប់ទៀត ។

 


ក៏គួររំឭកផងដែរថា កន្លងមកមន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏ធ្លាប់បានផ្ញើសារក្រើនរំឭកដល់ភាគីចំនួន ២ ដោយក្នុងនោះភាគីទី១ គឺសូមសិស្សថ្នាក់ទី១២ ទាំអស់នៅទូទាំងប្រទេស ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បន្តការត្រៀមខ្លួនប្រឡងតាមផែនការបុគ្គល ដោយខិតខំរៀនសូត្រនៅក្នុងថ្នាក់ និងធ្វើស្វ័យសិក្សាបន្ថែម ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា អ្នកអាណាព្យាបាល បន្តថែទាំសុខភាពដោយការទទួលទានអាហារឱ្យគ្រប់ ទទួលទានដំណែកឱ្យគ្រាន់ និងទទួលទានទឹកឱ្យបានក្រែល បន្តគោរពច្បាប់ចរាចរណ៍ និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត បន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។

 


ចំពោះភាគីទី២ គឺសូមមាតាបិតា អ្នកអាណាព្យាបាល មេត្តាបន្តជួយដំណើរការរៀនសូត្រ និងការរៀនត្រៀមប្រឡងបាក់ឌុបរបស់កូនៗ ដែលទាមទារឱ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា អ្នកអាណាព្យាបាល បន្តលើកទឹកចិត្តជួយសិស្សឱ្យអនុវត្តលំហាត់ និងរៀនបន្ថែមនៅផ្ទះ ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025