ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

 ស៊ីម៉ាក់ថា ប្រតិបត្តិការបោសសម្អាតគ្រាប់ ក្នុងនាវាលិចបាតទន្លេ ជួបឧបសគ្គច្រើនជាងការរំពឹងទុក

២២ កញ្ញា ២០២៣ | ព័ត៌មានជាតិ


 


នាយកស៊ីម៉ាក់ បានអះអាងថា ប្រតិបត្តិការបោសសម្អាត និងស្រង់គ្រាប់នៅក្នុងនាវាលិចទឹក នៅបាតទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកពាមជរ ខេត្តព្រៃវែង ជួបឧបសគ្គច្រើនលើសការរំពឹងទុក។ ពោលគឺមានគ្រាប់មីនជាច្រើន ទើបនាំឱ្យប្រតិបត្តិការ បានប្រព្រឹត្តទៅយឺតជាងផែនការដែលបានគ្រោងទុក។

 


ប្រតិបត្តិការ នៃការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង នោះ បានប្រព្រឹត្តទៅយឺតយ៉ាវជាងផែនការដែលបានគ្រោងទុក ។ មូលហេតុ នៃការយឺតយ៉ាវនោះគឺដោយសារព៌ត៌មានដែលយើងទទួលបានពីដំបូងគឺយើងគិតថា ពុំមានគ្រាប់មីនទេ។

 

 

ប៉ុន្តែនៅពេលអនុវត្តជាក់ស្តែង ក្រុមប្រតិបត្តិការបានរកឃើញគ្រាប់មីនជាច្រើន ដែលប្រការនោះ តម្រូវឱ្យមានការប្រុងប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត រួមទាំងជម្រៅភក់ដែលត្រូវបូមចេញផង។ ទោះយ៉ាងណា គិតរហូតមកដល់ពេលនេះ ក្រុមការងារបានស្រង់យកគ្រាប់គ្រប់ប្រភេទប្រមាណជាជិត ២ ម៉ឺនគ្រាប់ ឬ ប្រមាណជា ៤០០ តោន ក្នុងចំណោមគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលត្រូវបានប៉ាន់ប្រមាណថាប្រហែលជាជាង ២ ០០០ តោន គឺបានប្រព្រឹត្តទៅដោយសុវត្ថិភាព។ នេះគឺជាការអះអាងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់។

 


សូមជម្រាបថា ការដ្ឋានប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាពីបាតទន្លេនោះមានជាង ២ ៥០០ ចំណុច ត្រូវបានក្រុមជំនាញ នៃក្រុមការងារអន្តរក្រសួង កំណត់នូវទំហំប្រមាណជាជិត ៣០០ ហិកតា ចែកចេញជា ៣ តំបន់គឺ តំបន់ដីគោក តំបន់មានហានិភ័យទាប និងតំបន់មានហានិភ័យខ្ពស់ ដែលបានចាប់ផ្តើមប្រតិបត្តិការកាលពីដើមឆ្នាំ២០២២ ដែលកាលណោះ ត្រូវបានរំពឹងថា នឹងប្រើពេលវេលាប្រមាណជា ១៨ ខែ ។

 

 

ទោះយ៉ាងណា ដោយសារស្ថានភាពឧបសគ្គច្រើនលើសពីការរំពឹងទុក ទើបប្រតិបត្តិការនេះ ត្រូវការពេលវេលាយូរជាងនេះ ។ កត្តាសំខាន់មួយទៀតដែលនាំការប្រតិបត្តិការបោសសម្អាតគ្រាប់នៅក្នុងនាវានៅបាតទន្លេនោះយឺតយ៉ាវ គឺដោយសារតែចំនួនបុគ្គលិកមុជទឹកស្រង់គ្រាប់នោះ មានត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ហើយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ហេង រតនា បានឱ្យដឹងថា ស៊ីម៉ាក់ គ្រោងនឹងបង្កើនអ្នកជំនាញមុជស្រង់គ្រាប់ក្រោមទឹកឱ្យបាន ៨០នាក់ ហើយក៏នៅត្រូវការសម្ភារបច្ចេកទេសទំនើបៗច្រើនថែមទៀត៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត និងឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025