ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២៣នេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន បាននាំចេញរថយន្តសរុបចំនួន ២លាន ៦សែនគ្រឿង ខណៈនៅក្នុងខែកក្កដា ការនាំចេញរថយន្តសម្រេចបានជាង ៣សែនគ្រឿង កើនឡើង ៦៣% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន បានធ្វើឱ្យមាន ភាពជឿនលឿនយ៉ាងរឹងមាំ និងឆាប់រហ័សក្នុងការនាំចេញរថយន្ត ដោយបោះជំហានឆ្លងកាត់ចំនួន ២លានគ្រឿងក្នុងឆ្នាំ ២០២១ និងចំនួន ៣លាននៅឆ្នាំ ២០២២។យោងតាមមន្ត្រីក្រសួងពាណិជ្ជកម្មទទួលបន្ទុកលើការលើកកម្ពស់ការនាំចេញរថយន្ត គោលដៅនៅឆ្នាំនេះក្នុងការនាំចេញរថយន្តគឺជាង ៤លានគ្រឿងទំនងជាអាចសម្រេចបាន ហើយក្តីសង្ឃឹមនៃការនាំចេញរថយន្តចំនួន ៥លានគ្រឿង កើនឡើងកាន់តែខ្ពស់។
មន្ត្រីរូបនេះបានបន្ថែមថា ការនាំចេញរថយន្តដែលកើនឡើងខ្ពស់នេះ ត្រូវបានសន្មតថា ជាឧស្សាហកម្មរថយន្តអគ្គិសនី ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន ដោយសារតែរថយន្តអគ្គិសនីក្នុងស្រុក ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេស និងតំបន់ចំនួន ១៦០បន្ថែមទៀតនៅទូទាំងពិភពលោក។បើយោងតាមទិន្នន័យដែលចេញផ្សាយដោយ សមាគមក្រុមហ៊ុនផលិតរថយន្តចិន បងា្ហញថា ការលក់រថយន្តរបស់ប្រទេសចិនបានកើនឡើង ១០% ដល់ ១៣លានគ្រឿង នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣។
ទិន្នន័យបានបង្ហាញថា ការលក់រថយន្តដឹកអ្នកដំណើរ បានកើនឡើង ៨% ដល់ប្រហែល ១១លាន ២សែនគ្រឿង ក្នុងអំឡុងខែមករាដល់ខែមិថុនា។សមាគមក្រុមហ៊ុនផលិតរថយន្តចិន បានបន្ថែមថា ទីផ្សាររថយន្តរបស់ប្រទេសចិន បានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងឆមាសទី ១ ខណៈដែលតម្រូវការទីផ្សារ បានស្ទុះងើបឡើងវិញជាបណ្តើរៗ។
ជាចុងក្រោយ សមាគមនេះ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងគួរតែត្រូវបានធ្វើឡើង ដើម្បីរក្សាគោលនយោបាយស្ថិរភាព អាចព្យាករណ៍បាន និងធានាបាននូវ ប្រតិបត្តិការប្រកបដោយស្ថិរភាពនៃវិស័យរថយន្តចិន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ