ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

អ្នកនិពន្ធរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» មិននឹកស្មានរឿងនេះ ផ្ទុះការគាំទ្រខ្លាំងលើសការរំពឹងទុក

២៤ សីហា ២០២៣ | កម្សាន្ដ


រឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» ជាស្នាដៃរឿងភាគខ្មែរថ្មីសន្លាងមួយ កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហ ម៉ោង ៨ យប់ និង LIVE ផ្ទាល់ក្នុង APP PNN Plus។ ទើបចាក់បញ្ចាំងបានប្រមាណជាង១០ភាគប៉ុណ្ណោះ រឿងនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកនិយមទស្សនារឿងភាគខ្មែរលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

 

 

ប៉ុន្មានថ្ងៃមុន រឿងស្រុកស្រែបែបកំប្លែងនិងបង្កប់សារអប់រំនេះ បានបំបែកកំណត់ត្រាមានអ្នកចុចចូលទស្សនារហូតដល់ 13K តាមការឡាយនៅលើ YouTube PNN tv official ដែលស្មើរប្រមាណជាង១ម៉ឺននាក់ឯណោះ។ សន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីទស្សនិកជនធ្វើឱ្យ កញ្ញា ហ៊ុន ឆេងវិ អ្នកនិពន្ធរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» សប្បាយរីករាយនិងរំភើបចិត្តជាខ្លាំង ព្រោះនាងមិននឹកស្មានថា សាច់រឿងមួយនេះ ទទួលបានការគាំទ្រហួសពីការរំពឹងទុករបស់នាងដល់ថ្នាក់នេះ។

 

 

អ្នកនិពន្ធវ័យក្មេងនេះរៀបរាប់ថា «ក្នុងនាមនាងខ្ញុំជាអ្នកនិពន្ធ ខ្ញុំមិនអាចប្រកែកថាមិនរីករាយមិនសប្បាយបានឡើយ នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយនិងរំភើបចិត្តជាខ្លាំង នៅពេលដែលបានឃើញខ្សែភាពយន្តភាគខ្មែរររឿង ប្រហុកស្រែស្នេហ៍ខ្ញុំ កំពុងចាក់ផ្សាយលើស្ថានីយ៍ទូរទស្សន៍ ភីអិនអិន(PNN) និង APP PNN PLUS ក៏ដូចជា Cannel YouTube pnn tv official ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីពុកម៉ែបងប្អូនអ្នកទស្សនា។

 

 

នៅពេលដែលសរសេរសាច់រឿងនេះដំបូងៗ ខ្ញុំមានការរំពឹងទុកគួរសមដែរ ជាមួយការយកបេះដូងខ្ញុំមកធ្វើការឲ្យអស់ពីសមត្ថភាព ខ្ញុំតែងតែជឿជាក់លើការងារទាំងឡាយណា ដែលយកបេះដូងមកធ្វើការជានិច្ច។ សម្រាប់រឿង ប្រហុកស្រែស្នេហ៍ខ្ញុំ នេះ ខ្ញុំមានការរំពឹងទុកគួរសម ព្រោះខ្ញុំសរសេរបណ្ដើរ ខ្ញុំអស់សំណើចជាមួយស្គ្រីប(Script)ក្នុងសាច់រឿងតែម្នាក់ឯងបណ្ដើរ តែខ្ញុំពិតជាមិននឹកស្មានដល់ឡើយ ថាសាច់រឿងមួយនេះ ទទួលបានការគាំទ្រហួសពីការរំពឹងទុករបស់នាងខ្ញុំដល់ថ្នាក់នេះ»។

 

 

កញ្ញា ហ៊ុន ឆេងវិ បន្តថា មែនទែនទៅការតែងនិពន្ធរឿងស្នេហាបែបកំលោះក្រមុំស្រុកស្រែនេះ គឺទទួលបានគំនិតរឿង(Concept)ពីបងស្រី ទូច បុប្ផា និងបងប្រុស អ៊ុងឌុច សុត្ថាវីរៈ ជាផលិតករ (CUPID) ដែលគាត់បានផ្ដល់ព័ត៌មានមកថា គាត់ចង់បានប្រភេទរឿងស្រុកស្រែបែបកំប្លែងនិងបង្កប់សារអប់រំផងដែរ។ ភ្លាមៗខ្ញុំពិតជាមិងមាំងណាស់ ព្រោះគិតថាខ្ញុំធ្វើមិនបានឡើយ ចំណុចខ្សោយរបស់ខ្ញុំគឺរឿងកំប្លែងនេះឯង ព្រោះខ្ញុំជាមនុស្សសោះកក្រោះ មិនសូវចេះនិយាយស្ដីច្រើនឡើយ តែខ្ញុំដឹងតែម្យ៉ាងនោះគឺខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព។

 

 

 កំពុងអង្គុយគិតពីឆ្អឹងរឿង ស្រាប់តែខ្ញុំអើតក តាមបង្អួតពីលើផ្ទះទៅឃើញអ្នកម្ដាយខ្ញុំគាត់កំពុងហាលត្រីប្រហុក ខ្ញុំក៏ចាប់អារម្មណ៍ភ្លាម ព្រោះប្រហុកក៏បានបង្ហាញពីអត្តសញ្ញាណខ្មែរ និងស្រុកស្រែផងដែរ ខ្ញុំក៏បានរៀបចំចងក្រងជាសាច់រឿង ប្រហុកស្រែស្នេហ៍ខ្ញុំ នេះឡើងមក បូករួមជាមួយព្រពៃណីទំនៀមទំលាប់របស់លោកយាយលោកតាពុកម៉ែបងប្អូននៅស្រុកស្រែ ដែលខ្ញុំកើតទាន់និងបានដឹងកន្លងមក ជាមួយករណីឆបោកពីជនទុច្ចរិតមួយចំនួនទៅលើពុកម៉ែបងប្អូនស្រុកស្រែ ដែលធ្លាប់បានកើតឡើងជាក់ស្ដែង។

 

 

នៅក្នុងសាច់រឿងបែបកំប្លុកកំប្លែងទាំងកាយវិការនិងពាក្យសម្ដីរបស់រឿង ប្រហុកស្រែស្នេហ៍ខ្ញុំ នេះ ចំណុចបង្កប់អត្ថន័យសំខាន់ក្នុងរឿងនេះ គឺការគោរពច្បាប់និងយុត្តិធម៌ ព្រមទាំងការចេះជួយយកអាសាគ្នាទៅវិញទៅមករបស់ពុកម៉ែបងប្អូនអ្នកស្រុកភូមិផងរបងជាមួយគ្នា។ ក្នុងសាច់រឿងនេះផងដែរ ក៏មានការអប់រំជាច្រើនទៅតាមភាគនីមួយៗនៅក្នុងសាច់រឿង ដូចជាការចាញ់បោកជនទុច្ចរិតជាមួយផលិតផលបង្កើនសម្រស់ក្លែងក្លាយជាដើម។

 

 

អ្វីដែលខ្ញុំជាអ្នកនិពន្ធមិនចង់ឲ្យពុកម៉ែបងប្អូនមើលរំលងឬខកខានការទស្សនា នោះគឺ ការបង្ហាញអំពីល្បិចរបស់ជនទុច្ចរិតមកនិយាយលួងលោមពុកម៉ែបងប្អូនឲ្យព្រមលក់ដីសម្រាប់បង្កបង្កើនផលដំណាំ ដែលជាដីសម្រាប់ចិញ្ចឹមជីវិតគ្រួសារពុកម៉ែបងប្អូនតកូនតចៅ លក់ឲ្យពួកជនទុច្ចរិតតាមពាក្យបោកប្រាស់លួងលោមរបស់ពួកគេ។

 

 

ខ្ញុំពិតជាសូមអរគុណដល់ផលិតកម្ម ឃ្យូភីដ(CUPID)ដែលបានផ្ដល់ឱកាសដល់នាងខ្ញុំ ជាពិសេសគឺស្ថានីយ៍ទូរទស្សន៍ ភីអិនអិន (PNN)ដែលជាស្ថានីយ៍ឈានមុខគេក្នុងការផលិតភាពយន្តភាគខ្មែរមានគុណភាព។ នាងខ្ញុំសូមគោរពអរគុណដល់ពុកម៉ែបងប្អូនដែលតែងនិយមគាំទ្រទស្សនាភាពយន្តខ្មែរ ជាពិសេសភាពយន្តភាគខ្មែររបស់ ភីអិនអិន (PNN)តែម្ដង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025