ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ជារៀងរាល់ឆ្នាំលោក យ៉ែម សំអូន តែងតែផលិត និង ចេញបទចម្រៀងផ្ទាល់ខ្លួនជាច្រើនដើម្បីទុកជាអនុស្សាវរីយ៍ សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ដោយលោកបានត្រៀមចេញបទចម្រៀង Original Song ចំនួន ២ បទដ៏គួរឱ្យចាប់អារម្មណ៍ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនមិនឱ្យចាញ់ក្មេងៗស្រករក្រោយទេ ។
តាំងពីចូលដល់រដូវភ្លៀងមកការងារសម្តែងនិងចម្រៀងរបស់លោក យ៉ែម សំអូន មានការរយាលជាងមុនច្រើន ដូច្នេះហើយលោកបានដកឃ្លាមកនិពន្ធបទចម្រៀងថ្មីមួយដែលធ្វើឡើងដោយស្នាដៃខ្លួនឯងផ្ទាល់ ដើម្បីបង្ហោះនៅលើបណ្តាញសង្គម និង យូធូប បើទោះបីជាបទចម្រៀងនេះទទួលបានការគាំទ្រតិច ឬ ច្រើនពីមហាជនក្តី ក៏លោកនៅតែសប្បាយចិត្ត និងចំណាយថវិការផ្ទាល់ខ្លួនធ្វើបទចម្រៀងនេះដែរ ។
បទចម្រៀងថ្មីដែលលោក យ៉ែម សំអូន កំពុងធ្វើនេះមានចំណងជើងថា « ទឹកភ្នែកហូរបញ្ច្រាស់ » ដែលបទចម្រៀងនេះច្រៀងរៀបរាប់ពីរឿងរ៉ាវជាច្រើនកើតឡើងក្នុងសង្គម មិនមែនជារឿងពិតរបស់លោកឡើយ ។
បើទោះបីជាបទចម្រៀង « ទឹកភ្នែកហូរបញ្ច្រាស់ » ទទួលបានការគាំទ្រតិចឬច្រើនពីសំណាក់ទស្សនិកជនក្តី ក៏ លោក យ៉ែម សំអូន មិនមានអារម្មណ៍អាក់អន់ស្រពន់ចិត្តដែរ ផ្ទុយទៅវិញលោកបែរជាសប្បាយចិត្ត និងអ្វីដែលខ្លួនបានធ្វើ ជាក់ស្តែងកន្លងមកលោកធ្លាប់ធ្វើបទចម្រៀង Original Song ជាច្រើនមកហើយ ។
ទន្ទឹមនឹងការត្រៀមចេញបទចម្រៀងថ្មីនេះលោក យ៉ែម សំអូន ក៏បានត្រៀមថវិការផ្ទាល់ខ្លួនដើម្បីផលិត MV ចម្រៀងមួយនេះផងដែរ ដោយទៅផ្តិតរូបភាពនៅក្រៅប្រទេស ដែលជាក្តីស្រមៃខ្លួន ។
លោក យ៉ែម សំអូន ក៏ត្រៀមនឹងថតរឿងភាគថ្មីជាច្រើនទៀតដើម្បីដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ លោកបាននិយាយថា ខែនេះលោករយាលពីការងាររកស៊ីច្រើន ពីព្រោះជារដូវភ្លៀង ដូច្នេះហើយទើបលោកឆ្លៀតពេលអាចថតរឿង និង ផលិតផលបទចម្រៀងផ្ទាល់ខ្លួន ហើយលោកសង្ឃឹមថា ស្នាដៃលោកនៅតែទទួលបានការគាំទ្រពីទស្សនិកជន ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា