ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

អ៊ុំ សុវណ្ណគីរី រៀបរាប់ហេតុការណ៍ជួបខ្មោចពិតៗអំឡុងពេលថតរឿង «សាកសព 7ថ្ងៃ»

២៩ មិថុនា ២០២៣ | កម្សាន្ដ

 

 

តារាសម្តែង លោក អ៊ុំ សុវណ្ណគីរី ទើបទម្លាយឱ្យដឹងថា លោកបានជួបខ្មោចពិតៗអំឡុងពេលថតរឿង «សាកសព 7ថ្ងៃ» ដែលហេតុការណ៍នេះកើតឡើងនៅចន្លោះម៉ោង៣ទៀបភ្លឹ ពេលលោកធ្វើដំណើរពីកន្លែងថតត្រឡប់មកផ្ទះវិញ។


តារាសម្តែង អ៊ុំ សុវណ្ណគីរី ជាតួអង្គសំខាន់ម្នាក់ក្នុងរឿងខ្មោចបែបរន្ធត់ «សាកសព 7ថ្ងៃ» ដោយក្នុងនោះលោកសម្តែងជាតួអង្គឈ្មោះ វុទ្ធ ត្រូវជាឪពុករបស់តួឯកស្រី ម៉ាលី សម្តែងដោយតារាស្រីវ័យក្មេង ឃុល សាមេនតា។

 

តារាសម្តែងរូបនេះឱ្យដឹងថា រឿង «សាកសព 7ថ្ងៃ» មានគ្រប់រសជាតិ ទាំងមនោសញ្ចេតនា ភាពផ្អែមល្អែមរវាងប្តីប្រពន្ធ តែក៏រន្ធត់ខ្លាំង ព្រោះសាច់រឿងប្រទាក់ក្រឡាជាមួយព្រលឹងខ្មោច ដែលនឹងធ្វើឱ្យអ្នកទស្សនាភ័យរន្ធត់ពេលបានទស្សនារឿងនេះ។ ពិសេសជាងនេះ រឿងនេះមានប្លង់ពញ្ញាក់អ្នកមើលច្រើនមែនទែន។

 

ការសម្តែងរឿងនេះមានផលលំបាកច្រើនគួរសម ព្រោះត្រូវរៀបចំតុបតែងឆាកច្រើន ហើយភាគច្រើនគឺថតពេលយប់រហូតដល់ជិតភ្លឺ។ ចំណែក ទីតាំងថតវិញគឺព្រៃជ្រៅៗ និងជាវាលកប់ខ្មោចពិតៗទៀតផង។ 

 

 

ក្នុងថ្ងៃសម្ភោធចាក់បញ្ចាំងរឿង «សាកសព 7ថ្ងៃ» លោក អ៊ុំ សុវណ្ណគីរី បានទម្លាយឱ្យដឹងថា លោកបានជួបខ្មោចពិតៗអំឡុងពេលថតរឿងនេះ គឺនៅម៉ោងប្រមាណ៣ទៀបភ្លឺ ពេលលោកធ្វើដំណើរចេញមកពីកន្លែងថតវិញ។ 

 


តាមរយៈសាច់រឿង និងការសម្រិតសម្រាំងខ្លាំងលើប្លង់ បច្ចេកទេសថត លោកជឿជាក់ថា រឿងនេះនឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនអ្នកនិយមទស្សនារឿងខ្មែរ។

 

 

បន្ទាប់ពីរឿង «សាកសព 7ថ្ងៃ» តារាសម្តែង អ៊ុំ សុវណ្ណគីរី ក៏ត្រៀមបង្ហាញខ្លួនក្នុងរឿង លោកប៉ាមហាកូរ វគ្គ២ របស់ LD Entertainment នាពេលឆាប់ៗខាងមុខនេះផងដែរ។

 


ក្នុងនាមជាសិល្បករ និងជាតារាសម្តែងមានឈ្មោះបោះសម្លេងម្នាក់ លោក អ៊ុំ សុវណ្ណគីរី សំណូមពរឱ្យពុកម៉ែបងប្អូននាំគ្នាចូលរួមគាំទ្រ និងទស្សនារឿងខ្មែរឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករខ្មែរយើ់ង ក៏ដូចជាចូលរួមជំរុញឧស្សាហកម្មភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខ៕

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025