ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

លើសពីភាពយន្តខ្មោចរន្ធត់ព្រឺព្រួច «សាកសព7ថ្ងៃ» បង្កប់ផ្នត់គំនិតអប់រំជីវិតគ្រួសារស៊ីជម្រៅសម្ពោធចាក់បញ្ចាំងផ្លូវការ!

២១ មិថុនា ២០២៣ | កម្សាន្ដ

 

 

ភាពយន្តខ្នាតធំ «សាកសព7ថ្ងៃ» ត្រូវបានសម្ភោធត្រៀមចាក់បញ្ចាំងជាផ្លូវហើយ។ លើសពីភាពយន្តខ្មោចរន្ធត់ព្រឺព្រួចនេះក៏បង្កប់ផ្នត់គំនិតអប់រំជីវិតគ្រួសារយ៉ាងជ្រាលជ្រៅដល់អ្នកទស្សនា សូម្បីតួអង្គសម្តែងក៏លាន់មាត់គ្រប់គ្នាដែរ។ 

 

 

ផលិតកម្ម LD Entertainment ទើបបញ្ចប់កម្មវិធីសន្និសីទសារព័ត៌មាន និងការសម្ភោធចាក់បញ្ចាំងភាពយន្តខ្នាតធំរឿង «សាកសព7ថ្ងៃ» កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅរោងភាពយន្ត Legend by Ize ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ដោយមានការចូលពីសិល្បករ-សិល្បការនី និងភ្ញៀវកិត្តយសយ៉ាងច្រើកុះករ។

 

 

លោក នួន ម៉ូលីន អ្នកនិពន្ធរឿង «សាកសព7ថ្ងៃ» បានឱ្យដឹងថា នេះជាស្នាដៃរឿងទី៨ដែលលោកបានតែងនិពន្ធឡើង។ លើសពីភាពយន្តរន្ធត់ព្រឺព្រួច រឿងនេះក៏នឹងផ្តល់អត្ថន័យអប់រំ និងផ្នត់គំនិតអប់រំពីជីវិតគ្រួសារដល់អ្នកទស្សនាផងដែរ។ចំណែក លោក ឌៀប សិលា អ្នកដឹងនាំរឿងក៏បានឱ្យដឹងថា ការថតរឿងនេះមានផលលំបាកច្រើន ទាំងក្រុមការងារនិងតារាសម្តែង ព្រោះប្លង់ថតរឿងនេះភាគច្រើននៅព្រៃជ្រៅៗ ហើយត្រូវពេលយប់ច្រើនជាងពេលថ្ងៃ តែបើនិយាយពីគុណភាពការផលិត និងបច្ចេកទេសថតវិញ គឺមិនចាញ់រឿងមុនៗនោះឡើយ។

 

 

លោករំពឹងថា ទស្សនិកជននឹងពេញចិត្តខ្សែភាពយន្តខ្នាតធំ រឿង «សាកសព7ថ្ងៃ» ពិសេសអ្នកចូលចិត្តមើលរឿងរន្ធត់មិនគួររំលងរឿងនេះជាដាច់ខាត។ តារាសម្តែងរូបស្រស់ នៅ ដាណា បានបង្ហាញអារម្មណ៍រំភើបដែលស្នាដៃថ្មីនេះចាប់ចាក់បញ្ចាំងជាផ្លូវការ ដោយនាងបានលះបង់កម្លាំងកាយចិត្តសម្តែងរឿងនេះណាស់ ទោះការថតត្រូវជួបផលលំបាកច្រើនក៏ដោយ។ រីឯ ស្រីស្អាត ហេង កូស៊ីន ឯណោះវិញ ក៏បានប្រាប់ឱ្យដឹងពីផលលំបាកជាច្រើនអំឡុងពេលថតរឿងនេះផងដែរ ប៉ុន្តែនាងមានក្តីរំពឹងខ្ពស់ចំពោះស្នាដៃរឿងបែបរន្ធត់នេះ។

 

 

មិនទាន់អស់នៅឡើយ ពន្លកតារាសម្តែងឆ្វាក់តែតួអង្គខ្មោច ឃុល សាមេនតា និងលោក អ៊ុំ សុវណ្ណគីរី នាំគ្នានិយាយថា រឿងនេះមានប្លង់រន្ធត់ៗនិងប្លង់ពញ្ញាក់អារម្មណ៍ច្រើនមែនទែន សូម្បីតែតារាសម្តែងក៏ភ្ញាក់គ្នាឯងម្តងៗដែរ។ សាមេនតា ថា ការសម្តែងតួខ្មោចក្នុងរឿងនេះជាបទពិសោធន៍ថ្មីសម្រាប់នាង ហើយប្លង់ដែលនាងចាំដក់ជាប់ក្នុងចិត្តមិនភ្លេច គឺប្លង់ដែលគេកប់នាងក្នុងដីពិតៗហើយត្រូវថតកណ្តាលព្រៃជ្រៅទាំងយប់ គ្រាន់តែគិតក៏ព្រឺរោមដែរ។ 

 

 

ខ្សែភាពយន្តខ្នាតធំរឿង «សាកសព7ថ្ងៃ» ចាប់ចាក់បញ្ចាំងគ្រប់រោងភាពយន្ត ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះតទៅ។ កុំភ្លេចទៅទស្សនារឿងនេះឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់សិល្បករ-សិល្បការនីខ្មែរ ក៏ដូចជាចូលរួមជំរុញឱ្យវិស័យភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខ៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025