ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ទោះបីជាជួបឧបសគ្គជាច្រើនក្នុងការជួយរកទីផ្សារសម្រាប់បងប្អូនអ្នកត្បាញ ហូល ខ្មែរ តែ ឌួង ហ្សួរីដា នៅតែបេ្តជ្ញាចិត្តរកទីផ្សារ និង ខំប្រឹងធ្វើយ៉ាងណាឱ្យ ហូល ខ្មែរ កាន់តែមានតម្លៃ និងមានអ្នកទិញច្រើន ។
នៅក្នុងថ្ងៃបង្ហាញមុខបេក្ខភាព Miss Grand Cambodia 2023 ទាំង ២៥ រូបកាលពីពេលថ្មីៗនេះ ឌួង ហ្សូរីដា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានចូលរួមឧបត្ថមសម្លៀកបំពាក់ដែលច្នៃពី ហូលគោម ខ្មែរ យ៉ាងស្រស់ស្អាតសម្រាប់បេក្ខភាពទាំងអស់ ។ ឌួង ហ្សូរីដា ចូលរួមចំណែកនេះគឺនាងចង់ ពង្រឹង ហូល ខ្មែរឱ្យមានទីផ្សារឡើងវិញ ព្រោះមិនចង់ឱ្យស្នាដៃកូន ខ្មែរ ត្រូវបាត់បង់ ។
ដូចដឹងស្រាប់ហើយថាតារារូបនេះជាសិល្បការិនីមួយរូបដែលខំប្រឹងប្រែងរកស៊ីទីផ្សារ ហូល ខ្មែរ សម្រាប់អ្នកត្បាញ ហូលផាមួង ខ្មែរ យូរឆ្នាំមកហើយ ហើយនាងក៏ធ្លាប់បានបញ្ចេញស្នាដៃនៅក្នុងកម្មវិធីធំៗជាច្រើន ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នាពេលកន្លងមក ក៏មានស្នាដៃរបស់នាងចូលរួមផងដែរ ប៉ុន្តែក្នុងអំឡុងពេលនោះនាងមិនបានចូលរួមដោយផ្ទាល់ឡើយ ដោយសារម្តាយរបស់នាងបានទទួល មរណៈភាព ។
តែទោះជាយ៉ាងណាក្តី នៅក្នុងថ្ងៃបំពាក់ឆៀងដល់ បេក្ខភាព Miss Grand Cambodia 2023 ទាំង ២៥ រូបកាលពីពេលថ្មីៗនេះ នាងបានចូលរួមឧបសគ្គ និងច្នៃម៉ូដសម្លៀកបំពាក់ពី ហូលគោម ខ្មែរ យ៉ាងស្រស់ស្អាតពីហាងរបស់នាង សម្រាប់បេក្ខភាពទាំងអស់ ដោយទទួលបានការសរសើរយ៉ាងខ្លាំងពីមហាជន ។
កញ្ញា ឌួង ហ្សូរីដា បានបន្ថែមទៀតថា នាងប្រឹងប្រែងក្នុងការងារនេះ ព្រោះមិនចង់ឃើញស្នាដៃ ខ្មែរ ត្រូវបាត់បង់ ជាក់ស្តែង ២ ឆ្នាំមុន អ្នកត្បាញ ហូល ស្ទើរតែចង់បោះបង់ការងារត្បាញចោលទៅហើយ ដោយសារតែគ្មានទីផ្សារក្នុងអំឡុងកូវីដ ១៩ ។
កញ្ញា ឌួង ហ្សូរីដា ក៏ត្រៀមនឹងស្នាដៃធំៗជាច្រើនផ្សេងទៀត ដើម្បីបង្ហាញនៅក្នុងកម្មវិធីជាបន្តបន្ទាប់ទៀត នាងសង្ឃឹមថា ហូលខ្មែរ កាន់តែមានទីផ្សារខ្ពស់ និងមានមហាជនគាំទ្រច្រើន ជាពិសេសនាងបានច្នៃ ហូលគោម ខ្មែរ ដែលមានរចនាអក្សរ ខ្មែរ ដើម្បីធ្វើឱ្យ ហូល ខ្មែរ កាន់តែទទួលបានការចាប់អារម្មណ៍ទាំងក្នុងនិងក្រៅប្រទេស ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច