ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ពិធិការនីល្បីឈ្មោះបោះសម្លេង អ្នកនាង យុគ ចិន្តា បានទទួលស្គាល់ថា រយៈពេលចុងក្រោយនេះអ្នកនាងពិតជាបានដកឃ្លាពីការងារសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយសង្គមមែន ដោយងាកទៅផ្តោតលើជំនួញផ្ទាល់ខ្លួនជំនួសវិញ។ ម៉្យាង ឱ្យតែថ្ងៃចុងសប្តាហ៍អ្នកនាងតែងតែចុះទៅតាមខេត្តជាប្រចាំ ជាហេតុមិនសូវឃើញវត្តមានអ្នកនាងតាមកម្មវិធីផ្សេងៗនោះទេ។ ប៉ុន្តែថ្មីៗនេះ ពិធីការនីចាស់វស្សារូបនេះ បានលេចមុខធ្វើពីធីការនីក្នុងកម្មវិធីការដើរបង្ហាញម៉ូដសំលៀកបំពាក់ KALKIN SPRING/ SUMMER COLLECTION 2023 | THE ROYALTY របស់អ្នកច្នៃម៉ូដល្បីឈ្មោះ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ ព្រមជាមួយកូនស្រីបណ្តូលចិត្ត យុគ ដាពេជ្រ ហៅ អម ធ្វើឱ្យអ្នកចូលរួមភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ប៉ុន្តែ ការនិយាយនៅមិនទាន់បានល្អនៅឡើយទេ ដោយសារនាងស្ថិតក្នុងការបណ្តុះបណ្តាលពីម្តាយនៅឡើយ។
ពិធីការនីឆ្នើមរូបនេះបានទម្លាយឱ្យដឹងថា ការពិតទៅកូនស្រីតែម្នាក់គត់របស់នាងមានដុងសិល្បៈតាំងពីកុមារមកម៉្លេះ តែអ្នកនាងខ្លួនឯងទេដែលជាអ្នកហាមឃាត់កូនស្រីមិនឱ្យចូលប្រឡូកសិល្បៈ ព្រោះអ្នកនាងបារម្ភថាពេលកូនចូលសិល្បៈអាចនឹងសប្បាយភ្លេចការរៀនសូត្រ ដូច្នេះទើបអ្នកនាងលើកលក្ខខ័ណ្ឌថា កូនស្រីអាចចូលសិល្បៈបានលុះត្រាតែរៀនចប់ជាមុនសិន។
ដ្បិតដាក់បម្រាបហាមឃាត់កូនស្រីមិនឱ្យចូលសិល្បៈពេលនៅរៀនក៏ពិតមែន តែអ្នកម្តាយរូបនេះ នៅតែជំរុញទឹកចិត្តកូនឱ្យរៀនសូត្រជំនាញខាងរបាំ ភ្លេង និងច្រៀង តាមចំណងចំនូលចិត្តនៅសាលាសូរ្យស្រណោះតន្រ្តី។ ដូចនេះ អ្នកនាងហ៊ាននិយាយថា កូនស្រីរបស់ខ្លួនមានមូលដ្ឋានគ្រិះសិល្បៈស្រាប់ហើយ បើឱ្យប៉ាន់ស្មានអ្នកនាងគិតកូនស្រីរបស់ខ្លួនអាចទៅរួចក្នុងវិស័យសិល្បៈនេះ។
ក្រឡេកយុវតីវ័យ១៩ឆ្នាំ យុគ ដាពេជ្រ ហៅ អម ជាកូនវិញនោះ បានបង្ហាញការយល់ស្របចំពោះគោលគំនិតម្តាយ ដោយនាងសម្រេចចិត្តថា ទោះចិត្តនាងស្រលាញ់វិស័យសិល្បៈមែន តែនាងត្រូវតែរៀនឱ្យចប់ដូចអ្វីដែលម្តាយប្រាប់សិន ទើបបោះជំហានចូលសិល្បៈតាមរកអ្វីដែលខ្លួនស្រលាញ់តាមក្រោយ។
គួររំលឹកផងដែរថា ឆ្នាំនេះ យុគ ដាពេជ្រ ហៅ អម មានអាយុ១៩ឆ្នាំ បច្ចុប្បន្ននាងជានិស្សិតកំពុងសិក្សាលើផ្នែក Business ។ ក្រៅពីការសិក្សា អម បានឆ្លៀតពេលទំនេរខ្លះជួយមើលថែមុខរបរជាមួយម្តាយ និងបានចេញមុខ live ប្រាប់ពីសេវាកម្ម ហាងកាត់ដេរសម្លៀកបំពាក់ អម រចនាម៉ូត និងភោជ្ជនីយដ្ឋាន ស្លឹកឈូក ជាញឹកញាប់ផងដែរ។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច