ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា រវាងភាគីទាំង ២ គឺជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក៏ដូចជា បង្ហាញអំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវ បរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។
ជាក់ស្តែង ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី ការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ត្រូវបានសិក្សា និងពិគ្រោះយោបល់ដោយ មន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំង ២ ដែលធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជា ទៅកាន់ ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេស មកកាន់ កម្ពុជា។
សូមបន្ថែមបន្តិចថា យោងតាមទិន្នន័យពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ កម្ពុជា ដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក្នុងឆ្នាំ ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណ ៩៧៧លានដុល្លារអាមេរិក ជាមួយនឹងកំណើន ២៤% បើធៀបនឹងឆ្នាំ ២០២១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ