ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់ថា គ្រប់គ្នា នៃមូលនិធិជាតិជំនួយសង្គម សុទ្ធតែសំខាន់ខ្លាំងណាស់

៣០ ឧសភា ២០២៣ | ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់មូលនិធិជាតិជំនួយសង្គម បានលើកឡើងថា មន្ត្រីទាំងអស់ នៃមូលនិធិជាតិមួយនេះ ទោះជាមានឋានៈណាក៏ដោយ ក៏សុទ្ធតែមានសារសំខាន់ខ្លាំងណាស់ ពីព្រោះសុទ្ធតែជាគន្លឹះ សម្រាប់ជួយដោះស្រាយដល់ប្រជាជនរាប់លាននាក់ ។

កុំគិតឱ្យសោះថាខ្លួនឯងមិនសូវសំខាន់ ដោយសារតែខ្លួនឯងមានឋានៈ ឬ តំណែងមិនសូវធំជាដើម តាមពិតគ្រប់មន្ត្រី និងគ្រប់ផ្នែកទាំងអស់ នៃមូលនិធិជាតិជំនួយសង្គម ទោះជាមានឋានៈណាក៏ដោយ ក៏សុទ្ធតែមានសារសំខាន់ខ្លាំងណាស់  ។ មានសារសំខាន់ខ្លាំងដោយហេតុថា កិច្ចការរបស់អ្នកទាំងអស់គ្នា សុទ្ធតែជាគន្លឹះ ជាលំហូរ និងជាដំណោះស្រាយក្នុងការជួយសម្រួលដល់ប្រជាជនរាប់លាននាក់ ដែលកំពុងត្រូវការជួយ ។ ហេតុនេះអ្វីដែលត្រូវយកចិត្តទុកដាក់ គឺត្រូវមើលឃើញគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមតួនាទីរបស់យើងរៀងៗខ្លួនថា ត្រូវធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បី ឧត្តមប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ពួកគាត់ ដែលជាអ្នកទទួលផលពីកម្មវិធីនានារបស់មូលនិធិជាតិជំនួយសង្គម ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម នាឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំតាក់តែងលិខិតរដ្ឋបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ នៅឯសណ្ឋាគារភ្នំពេញ ។

 


គួររំឭកថា ប៉ុន្មានថ្ងៃមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំក្នុងគ្រួសារក្រីក្រ ដែលជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីនានារបស់មូលនិធិជាតិជំនួយសង្គម ហើយដែលកន្លងមកអនុវត្តចំពោះតែគ្រួសារដែលកាន់បណ្ណសមធម៌នោះ ចាប់ពីខែសីហា ឆ្នាំ២០២៣ នេះទៅ នឹងពង្រីកដល់គ្រប់កម្មការិនីរោងចក្រ ខណៈអត្ថប្រយោជន៍នានាដូចជាចំនួនថវិកាដែលទទួលបានពីកម្មវិធីជាដើម ក៏ត្រូវបានដំឡើងទ្វេដង ដែលប្រការទាំងនោះជាដើម បានសេចក្តីថា ការងាររបស់មូលនិធិជាតិជំនួយសង្គម និងអ្នកពាក់ព័ន្ធ ក៏នឹងត្រូវពង្រីកទំនួលខុសត្រូវ និងវិសាលភាពរបស់ខ្លួនដែរ ។
គឺក្នុងន័យនេះហើយ ដែលជាកត្តាសំខាន់មួយ នាំឱ្យវគ្គបណ្តុះបណ្តាលនៅពេលនេះត្រូវបានរៀបចំឡើង ហើយឯកឧត្តម សំហេង បុរស សង្ឃឹមថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះទៅ អ្នកដែលបានចូលរួមទាំងអស់ នឹងទទួលបាននូវការយល់ដឹងកាន់តែច្បាស់ កាន់តែគ្រប់ជ្រុងជ្រោយអំពីភាពសំខាន់ចាំបាច់ នូវតួនាទីភារកិច្ចរបស់ខ្លួន និងធ្វើការកាន់តែមានប្រសិទ្ធភាព ផ្តល់ឧត្តមប្រយោជន៍កាន់តែច្រើន និងកាន់តែងាយស្រួលសម្រាប់បងប្អូនដែលជាអ្នកទទួលផល ៕

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024