ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
មហោស្រពភាពយន្តក្រុងកានលើកទី៧៦ បានបិទបញ្ចប់ ដោយអ្នកដឹកនាំរឿងស្ត្រីសញ្ជាតិបារាំងដណ្ដើមបានពានរង្វាន់ធំពីកម្មវិធី។ អ្នកដឹកនាំរឿងសញ្ជាតិបារាំង Justine Triet (ចាស្ទីន ត្រៀត) បានក្លាយជាអ្នកដឹកនាំស្ត្រីទីបីដែលឈ្នះពានរង្វាន់ធំពីកម្មវិធីមហោស្រពភាពយន្តក្រុងកាន បន្ទាប់ពីភាពយន្តរបស់ខ្លួនបានយកឈ្នះភាពយន្តចំនួន២០ចំណងជើងផ្សេងទៀត។
ក្នុងឱកាសឡើងទទួលពានរង្វាន់ធំប្រចាំជីវិតនេះ អ្នកដឹកនាំ Justine Triet (ចាស្ទីន ត្រៀត) បានរិះគន់លើការបដិសេធរបស់រដ្ឋាភិបាលបារាំងចំពោះការប្រឆាំងតវ៉ានឹងការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ហើយក៏បានសុំឲ្យមានការផ្ដល់ឱកាសឲ្យកាន់តែច្រើនសម្រាប់ផលិតករភាពយន្តក្មេងៗផងដែរ។
ភាពយន្តដែលជួយឲ្យអ្នកស្រី Justine Triet (ចាស្ទីន ត្រៀត) ឈ្នះពានរង្វាន់ធំគឺភាពយន្ត 'Anatomy of a Fall' (អានាតូមី អហ្វ អេ ហ្វល) ដែលមានសាច់រឿងអំពីអ្នកនិពន្ធស្រីម្នាក់ ព្យាយាមសាងភាពស្អាតស្អំ នៅក្នុងការស្លាប់របស់ស្វាមី។
ដោយឡែក ពានរង្វាន់ធំលំដាប់ទីពីរ បានទៅលើអ្នកដឹកនាំរឿងអង់គ្លេស Jonathan Glazer (ចូណាថាន់ គ្លេសើ) សម្រាប់ស្នាដៃចំណងជើងថា "Zone of Interest" (ហ្សូន អហ្វ អ៊ីនធើរ៉េស) ដែលនិយាយអំពីគ្រួសារដែលរស់នៅក្បែរជំរំនៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
ចំណែកពានរង្វាន់តារាសម្ដែងស្រីឆ្នើម បានទៅលើតារាសម្ដែងតួកគី Merve Dizdar (មើវ ឌីសដា) ខណៈពានរង្វាន់តារាសម្ដែងប្រុសឆ្នើម បានទៅលើតារាសម្ដែងជើងចាស់របស់ជប៉ុនឈ្មោះ Koji Yakusho (កូជី យ៉ាគូហ្សូ)។
ពានរង្វាន់អ្នកដឹកនាំរឿងឆ្នើម បានទៅលើអ្នកដឹកនាំរឿងសញ្ជាតិបារាំងកូនកាត់វៀតណាម ឈ្មោះ Tran Anh Hung (ត្រាន់ អាញ ហុង) សម្រាប់ភាពយន្ត "The Pot-au-Feu" (ដឺ ផត អូ ហ្វូ) ជាភាពយន្តដែលមានសាច់រឿងទាក់ទងនឹងអាហារ ៕
ប្រែសម្រួល៖ វ៉ាន់ថន