ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ចុះ MOU ជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា

២៩ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣នេះ។

 

 

ការចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមជាមួយនឹង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និងមន្រ្តីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រមាណជា ៤០រូប។

 


នាឱកាសនោះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងថា អ្នកឧកញ៉ាមានសេចក្តីសោមនស្សរីករាយ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បានឈានដល់ការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពី ភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ សជណ លេខ៣៥០ ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

 


លើសពីនេះ អ្នកឧកញ៉ា ក៏បានបន្ថែមថា នេះជាការបោះជំហ៊ានដ៏សំខាន់ថ្មីមួយទៀតលើ ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និង ការវិនិយោគដែលជាក្បាលម៉ាស៊ីននៃកំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ គឺប្រែក្លាយកម្ពុជាឱ្យទៅជា ប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ ។

 


ទន្ទឹមគ្នានេះដែរ ឯកឧត្តម សុខ ចិន្តាសោភា មានប្រសាសន៍ឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានសេចក្តីរីករាយ ក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឆន្ទៈរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

 

 

សូមបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ មានភ្ជាប់ដោយផែនការសកម្មភាពសម្រាប់អនុវត្តក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដល់ ២០២៥ ដែលមាន ១២ចំណុច អមដោយសូចនាករច្បាស់លាស់ សម្រាប់វាស់វែងនូវ កម្រិតជោគជ័យនៃសកម្មភាពនីមួយៗ៕

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024