ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សម្តេចតេជោ៖ បច្ចុប្បន្នកម្ពុជា មានរោងចក្រជាង១,៣០០រោងចក្រ ជាមួយកម្លាំងពលកម្មជាង៨៤ម៉ឺននាក់ នៅទូទាំងប្រទេស

២៩ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

សម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា មានរោងចក្រជាង១,៣០០រោងចក្រ ជាមួយកម្លាំងពលកម្មជាង៨៤ម៉ឺននាក់ នៅទូទាំងប្រទេស ដែលនេះជាសញ្ញានៃការកើនឡើង នៃវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។

 


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ បានអះអាងថា បច្ចុប្បន្នកម្ពុជា មានរោងចក្រចំនួន១,៣២៦រោងចក្រ ជាមួយកម្លាំងពលកម្មជាង៨៤ម៉ឺននាក់ នៅទូទាំងប្រទេស។

 


សម្ដេចតេជោ ហ៊ុន សែន ក៏បានទាញចំណាប់អារម្មណ៍ថយក្រោយបន្ដថា កាលពីឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ៦៤រោងចក្រ និងកម្មករប្រមាណ៨ម៉ឺននាក់ប៉ុណ្ណោះ ជាមួយទំហំនៃការនាំចេញចំនួន២៧០លានដុល្លារ។ ពេលនោះកម្មករ កម្មការិនី ទទួលបានប្រាក់ខែត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ ខណៈបច្ចុប្បន្នប្រាក់ខែគោលមិនក្រោម២០០ដុល្លារនោះឡើយ។

 


សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ប្រសិនបើសរុបទាំងអស់ ក្នុងឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសទាំងអស់មានចំនួន១៧,០០០រោងចក្រ មានកម្មកររហូតដល់១លាន៥សែននាក់ ដែលនេះជាចំនួននៃការកើនឡើង សម្រាប់វិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា។

 

 

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ការកើនឡើង នៃវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារកត្តាសន្ដិភាព ស្ថេរភាពនយោបាយ ដែលកម្ពុជាមាន ហើយផ្ដល់ឱកាសក្នុងការទាក់ទាញវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេសមកផលិតនៅក្នុងប្រទេសកម្ពុជា ហើយបម្រើឲ្យការនាំចេញ។

 


សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ការនាំចេញរបស់កម្ពុជាកាលពីពេលមុន មានទំហំតូច ប៉ុន្ដែបច្ចុប្បន្ននេះទំហំនៃការនាំចេញរបស់កម្ពុជាកាន់តែច្រើន ហើយចំនួននេះកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ សម្ដេចគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា មិនមែនពឹងពាក់តែទីផ្សារប្រទេសមួយនោះទេ ពោលប្រទេសទាំងអស់សុទ្ធតែជាទីផ្សាររបស់កម្ពុជា។

 


គួរជម្រាបថា យោងតាមតួលេខរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២ ការនាំចេញវិស័យវាយនភ័ណ្ណ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប មានចំនួនជាង១២.៨ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញមានទៅតំបន់អាស៊ាន អាមេរិក ចក្រភពអង់គ្លេស និងអឺរ៉ុបជាដើម៕
 

 

 

 

អត្ថបទ៖ ចរិយា រូបភាព៖ ក្រុមការងារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024