ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
តារាចម្រៀងនិងសម្ដែងកូរ៉េ Krystal Jung (គ្រីស្តាល់ ជុង) បានបង្ហាញខ្លួនជាលើកដំបូងនៅមហោស្រពភាពយន្តទីក្រុងកានកាលពីថ្ងៃទី២៥ ខែឧសភា សម្រាប់ការសម្ពោធបញ្ចាំងភាពយន្តថ្មីរបស់ខ្លួនមានចំណងជើងថា "Cobweb" (ខប់វេប)។
ខ្សែភាពយន្តកូរ៉េ "Cobweb" (ខប់វេប) ដែលសម្តែងដោយតួឯកភាពយន្ត "Parasite" (ផារ៉ាសាយ) លោក Song Kang-ho (សុង ខាងហូ) និងតារាស្រី Krystal Jung (គ្រីស្តាល់ ជុង) បានរៀបចំការសម្ពោធបញ្ចាំងនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន ដោយមានវត្តមានតារាកូរ៉េល្បីៗជាច្រើនចូលរួម។
ភាពយន្តនេះមានសាច់រឿងរៀបរាប់ពីអ្នកដឹកនាំរឿងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ម្នាក់ដែលមានបំណងចង់ថតចុងបញ្ចប់នៃខ្សែភាពយន្តមួយរបស់ខ្លួនឡើងវិញ ដើម្បីអាចក្លាយជាស្នាដៃដ៏ល្អបំផុតរបស់ខ្លួន ដោយភាពយន្តនោះមានចំណងជើងថា “Cobweb” (ខប់វេប)។
ដោយឡែកតារាស្រី Krystal Jung ដែលជាអតីតសមាជិកក្រុមចម្រៀងខេប៉ុប f(x) (អេហ្វអិច) បានដើរតួជាតារាស្រីវ័យក្មេងម្នាក់ដែលចាប់ផ្ដើមល្បីឈ្មោះដោយសារភាពយន្ត "Cobweb" ។នេះជាភាពយន្តទីបីរបស់អ្នកដឹកនាំកូរ៉េ Kim Jee-woon (គីម ជីវូន) ដែលបានដាក់បញ្ចាំងក្រៅការប្រកួតនៅមហោស្រពភាពយន្តទីក្រុងកាន។
គួរបញ្ជាក់ថា មហោស្រពភាពយន្តទីក្រុងកានលើកទី៧៦ គឺឆ្នាំ២០២៣នេះមានការបញ្ចាំងខ្សែភាពយន្តកូរ៉េចំនួន ៥រឿងប៉ុន្តែមិនមានរឿងណាមួយស្ថិតនៅក្នុងបញ្ជីប្រកួតប្រជែងពានរង្វាន់នោះទេ ខណៈកាលពីឆ្នាំ២០១៩ ភាពយន្ត “Parasite” បានក្លាយជាភាពយន្តកូរ៉េដំបូងគេដែលបានឈ្នះពានរង្វាន់ធំ Palme d'Or (ផាម ឌ័រ) ពីមហោស្រពភាពយន្តនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន