ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ធនាគារកណ្តាលវៀតណាម នឹងរក្សាអត្រាការប្រាក់អតិបរមាលើប្រាក់បញ្ញើក្រោម ១ខែ នៅត្រឹម ០,៥% ក្នុងមួយឆ្នាំ ខណៈដែលអត្រាប្រាក់បញ្ញើរយៈពេល ១ ដល់ ៦ខែ នឹងធ្លាក់ចុះពី ៥,៥% ទៅ ៥% ក្នុងមួយឆ្នាំ។
ដូច្នេះ ធនាគារទាំងអស់ នឹងនៅតែត្រូវបានអនុញ្ញាតឱ្យ កំណត់អត្រាការប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ការដាក់ប្រាក់បញ្ញើ រយៈពេលលើសពី ៦ខែ ស្របតាមទីផ្សារជាក់ស្តែង។
នេះជាលើកទីពីរហើយដែល ធនាគារកណ្តាលវៀតណាម បានកាត់បន្ថយពិដានការប្រាក់បញ្ញើ ក្នុងឆ្នាំនេះ។ធនាគារកណ្តាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការកាត់បន្ថយអត្រាការប្រាក់ថ្មីគឺ មានបំណងបញ្ចុះកម្រិតអត្រាការប្រាក់ ដើម្បីជួយឱ្យអាជីវកម្ម និងគ្រួសារមានលទ្ធភាពទទួលបានឥណទានកាន់តែប្រសើរ។
ធនាគារកណ្តាល បានបន្ថែមថា អតិផរណានៅក្នុងប្រទេសវៀតណាម ស្ថិតនៅក្រោមការគ្រប់គ្រង ខណៈ រដ្ឋាភិបាល កំពុងកំណត់គោលដៅអតិផរណាជាមធ្យម ៤,៥% សម្រាប់ឆ្នាំនេះ។សូមជម្រាបថា វៀតណាម កំណត់គោលដៅកំណើនសេដ្ឋកិច្ច ៦,៥% នៅឆ្នាំនេះ យឺតជាងកំណើន ៨% កាលពីឆ្នាំមុន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ