ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

សម្តេចតេជោ៖ ស្នើឲ្យភាគីជប៉ុនបន្តជួយកម្ពុជាថែមទៀត ដើម្បីធ្វើឲ្យកម្ពុជាអាចឈានឆ្ពោះទៅមុខលើវិស័យឌីជីថល

២៤ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

សម្តេចតេជោ ប្រាប់ភាគីជប៉ុនថា កម្ពុជា កំពុងជំរុញផ្នែកឌីជីថល និងការវិនិយោគលើវិស័យឧស្សាហកម្មបម្រើឱ្យការកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់សម្រាប់ការនាំចេញ និងស្នើឲ្យភាគីជប៉ុនបន្តជួយកម្ពុជាថែមទៀត ដើម្បីធ្វើឲ្យកម្ពុជាអាចឈានឆ្ពោះទៅមុខលើវិស័យឌីជីថលនេះ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ប្រធានក្រុមហ៊ុន DMG MORIថា  កម្ពុជាកំពុងជំរុញផ្នែកឌីជីថល ហើយ កម្ពុជាមានគោដៅពីរសម្រាប់វិស័យឧស្សាហកម្ម ទី១ គឺជំរុញការវិនិយោគលើវិស័យឧស្សាហកម្មបម្រើឱ្យការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់សម្រាប់ការនាំចេញ និងទី២ ទាក់ទាញបច្ចេកវិទ្យាថ្មីមកផលិតនៅកម្ពុជា។

 


ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mori Masahiko ប្រធានក្រុមហ៊ុន DMG MORI ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះដែរ លោក Mori បានគោរពជម្រាបជូនសម្ដេចតេជោ អំពីមជ្ឈមណ្ឌផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន ហើយដែលមជ្ឈមណ្ឌលនេះ មានគោលបំណងបី ទី១ គឺការចូលរួមជំរុញការធ្វើឌីជីថបនីយកម្ម ឧស្សាហកម្មនៅកម្ពុជា ទី២ ចូលរួមជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថលឧស្សាហកម្ម និងទី៣ ជំរុញកិច្ចសហប្រតិបត្តិការរវាងឧស្សាហកម្ម ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល។

 

 

លោក Mori បានជម្រាបជូនសម្ដេចតេជោបន្ថែមថា មជ្ឈមណ្ឌលផលិតកម្មឌីជីថលឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីនដែលយកមកកម្ពុជានាពេលនេះ គឺជាម៉ាស៊ីនដែលទំនើបបំផុត និងជាម៉ាស៊ីនដែលចាំបាច់បំផុត សម្រាប់បម្រើឱ្យឧស្សាហកម្មនាយុគសម័យឌីជីថល។ លោក Mori បានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុន DMG MORI នឹងនៅបន្តហ្វឹកហាត់ដល់កម្ពុជាក្នុងការប្រើប្រាស់ម៉ាស៊ីន និងបង្រៀនដល់និស្សិតកម្ពុជា ហើយលោក Mori ក៏បានគោរពស្នើសុំសម្ដេចតេជោ មេត្តាជួយគាំទ្រលើគម្រោងនេះ។

 


ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ និងបានជម្រាជូនលោក Moriថា កម្ពុជាកំពុងជំរុញផ្នែកឌីជីថល ហើយ កម្ពុជាមានគោលដៅពីរសម្រាប់វិស័យឧស្សាហកម្ម ទី១ គឺជំរុញការវិនិយោគលើវិស័យឧស្សាហកម្មបម្រើឱ្យការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់ សម្រាប់ការនាំចេញ និង ទី២ ទាក់ទាញបច្ចេកវិទ្យាថ្មីមកផលិតនៅកម្ពុជា។ ចំពោះសំណើរបស់លោក Mori សុំការគាំទ្រពីសម្ដេចតេជោនោះ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចមិនត្រឹមតែគាំទ្រទេ គឺស្នើសុំឱ្យក្រុមហ៊ុន  MORI និងរាជរដ្ឋាភិបាលជប៉ុនបន្តជួយកម្ពុជាថែមទៀត ដើម្បីធ្វើឱ្យកម្ពុជាអាចឈានហក់ទៅមុខលើវិស័យឌីជីថល៕

 

 

 

អត្ថបទ៖ ចរិយា រូបភាព៖ ក្រុមការងារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024