ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ប្រទេសចិន នៅតែកាន់កាប់ចំណែកធំជាងគេ ក្នុងទំហំទុនវិនិយោគនៅកម្ពុជា

២៣ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

ប្រទេសចិន នៅតែដើរតួសំខាន់ជាងគេក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដោយក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ចិន កាន់កាប់ចំណែកដល់ទៅ ៧៣% នៃទំហំវិនិយោគនៅកម្ពុជា។ នេះបើយោងតាមការបង្ហាញទិន្នន័យពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 


ប្រភពដដែលបានបញ្ជាក់ថា ក្នុងអំឡុងពេល ៤ខែដើមឆ្នាំ ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ៦៥ ដែលមានទុនចុះបញ្ជី ៥៨៨លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសចិន កាន់កាប់ចំណែក ៧៣% នៃទុនវិនិយោគពីបរទេស។ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា តួលេខនេះ បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនចិន ហើយសំខាន់ជាងនេះ គឺជាជំហានឆ្ពោះទៅរក ពិពិធកម្មការនាំចេញ។

 


សរុបក្នុងឆ្នាំ ២០២២កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរបស់ វិនិយោគិនបរទេស គិតជាទឹកប្រាក់ជាង ៤ពាន់ ៦រយលានដុល្លារអាមេរិក ដោយក្នុងនោះ ចិន កាន់កាប់ចំណែកជាង ៩០% នៃទុនវិនិយោគពីបរទេស។

 

 

ក្នុងឆ្នាំ ២០២២ វិនិយោគិនក្នុងស្រុក បានបោះទុនវិនិយោគប្រមាណ ២ពាន់ ៧រយលានដុល្លារអាមេរិក ស្មើនឹង ៥៧% នៃការវិនិយោគសរុប ហើយការវិនិយោគពីបរទេស មានទុនវិនិយោគជាង ១ពាន់ ៤រយលានដុល្លារអាមេរិក ខណៈ ប្រភពទុនវិនិយោគិនបរទេសសំខាន់ៗ គឺនាំមុខគេដោយប្រទេសចិន និងមានការវិនិយោគមកពី ជប៉ុន ថៃ ម៉ាឡេស៊ី អូស្រ្តាលី និងសិង្ហបុរីជាដើម។

 


សូមបន្ថែមថា ចំពោះពាណិជ្ជកម្មវិញ គឺថា ទំហំពាណិជ្ជកម្មសរុបរវាង កម្ពុជា និងចិន ក្នុងឆ្នាំ ២០២២ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជា នាំចេញទៅប្រទេសចិន បានជាង ១ពាន់ ២រយលានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិន មកវិញជាង ១០ពាន់លានដុល្លារអាមេរិក ខណៈក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២៣នេះ ប្រទេសចិន មានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាជាង ៣ពាន់ ៨រយលានដុល្លារអាមេរិក ដោយ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ៤៣៩លានដុល្លារអាមេរិក ដោយការនាំចូលមកកម្ពុជាវិញ មានដល់ទៅ ៣ពាន់ ៤រយលានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024