ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

អត្រាអត់ការងារធ្វើនៅប្រទេសថៃ ធ្លាក់ចុះទាបដល់ ១% ដោយសារវិស័យទេសចរណ៍ងើបឡើងវិញ 

២៣ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

ទីភ្នាក់ងារផែនការរដ្ឋថៃ បានបញ្ជាក់ថា អត្រាអ្នកអត់ការងារធ្វើរបស់ប្រទេសថៃ បានឈានដល់កម្រិតទាបក្នុងរយៈពេល ៣ឆ្នាំនេះ ដោយនៅក្នុងត្រីមាសទី ១ ឆ្នាំនេះ បានធ្លាក់ចុះមកត្រឹម ១% បន្ទាប់ពីការស្ទុះងើបឡើងវិញនៅក្នុងឧស្សាហកម្មទេសចរណ៍។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។

 

 

សេដ្ឋកិច្ចប្រទេសថៃ បានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ១ ដែលត្រូវបានជំរុញដោយ ការបន្តកើនឡើងនៅក្នុងវិស័យទេសចរណ៍ ដែលជាប្រភពការងារសំខាន់ ដែលត្រូវបានកាត់បន្ថយអំឡុងពេលជំងឺរាតត្បាត។

 


ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រាការងារបានកើនឡើង ២% នៅក្នុងខែមករា ដល់ខែមីនា ធៀបនឹងឆ្នាំមុន។អត្រាអត់ការងារធ្វើក្នុងខែមករា ដល់ ខែមីនា ដែលមានចំនួន ៤២ម៉ឺននាក់ គឺជាកម្រិតទាបបំផុតចាប់តាំងពីត្រីមាសទី ១ នៃឆ្នាំ ២០២០មកម្ល៉េះ។

 


ទោះជាយ៉ាងណាក៏ដោយ និយមន័យនៃភាពអត់ការងារធ្វើរបស់ប្រទេសថៃ មានលក្ខណៈតូចចង្អៀត ដោយគេរាប់ថា អ្នកគ្មានការងារធ្វើ គឺជាអ្នកដែលមិនបានធ្វើការ សូម្បីតែមួយម៉ោង នៅក្នុងមួយសប្ដាហ៍ពេញ ដែលគេធ្វើការស្ទង់មតិ។អ្នកវិភាគ លើកឡើងថា តួលេខនេះ មិនចាប់បានសេដ្ឋកិច្ចក្រៅផ្លូវការដ៏សំខាន់របស់ប្រទេសថៃនោះទេ។

 


ទីភ្នាក់ងារផែនការថៃ បានបញ្ជាក់ថា នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៣ ប្រទេសថៃ មានកម្លាំងពលកម្មចំនួន ៣៩លាន ៦សែននាក់។សូមជម្រាបថា គិតមកទល់ខែឧសភានេះ ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៩លាន ៥សែននាក់ បង្កើតប្រាក់ចំណូលប្រហែល ១១ពាន់លានដុល្លារអាមេរិក រុញច្រានដោយកំណើនភ្ញៀវទេសចរមកពីប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌា៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024