ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វិធានដើមកំណើតទំនិញ រំពឹងជំរុញ និងសម្រួលពាណិជ្ជកម្មរបស់កម្ពុជា ថែមមួយកម្រិតទៀត

២៣ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ទទួលបានការអនុម័តទាំងស្រុងក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី និងរង់ចាំនីតិវិធីបន្ត ខណៈវិធាននេះ រំពឹងជំរុញ និងសម្រួលពាណិជ្ជកម្មរបស់កម្ពុជា ថែមមួយកម្រិតទៀត។

 


ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ មានគោលបំណងកំណត់អំពី គោលការណ៍ និង វិធានស្តីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល ដើម្បីជំរុញ និងសម្រួលពាណិជ្ជកម្មក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។

 


លើសពីនេះ វាធានានូវដើមកំណើតទំនិញរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងជំរុញការនាំចេញផលិតផលកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញផងដែរ។

 


ឯកឧត្តម បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ គឺជាការអភិវឌ្ឍបន្ថែមនូវលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្របតាមគោលការណ៍អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធច្បាប់នៅលើពិភពលោក ហើយវាដើរទន្ទឹមគ្នាជាមួយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ជាដើម។ 

 


គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់នេះ រួមមាន ៩ជំពូក និង ៣៥មាត្រា ហើយជានីតិវិធីបន្ត រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅសុំការពិនិត្យ និងអនុម័តពី ស្ថាប័ននីតិប្បញ្ញត្តិ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024