ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២១/២០២២ កញ្ញា វ៉ាន់ ប៊ី បានលើកឡើងថា ខ្លួននាងពិតជាស័ក្កសមក្លាយជាម្ចាស់មកុដអន្តរជាតិឆ្នាំនេះ ព្រោះតែនាងមានចំនុចខ្លាំងច្រើនមិនចាញ់បេក្ខភាពប្រទេសដ៏ទៃ។ មិនយូរទៀតទេ កញ្ញា វ៉ាន់ ប៊ី បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២១/២០២២ នឹងតំណាងជាតិកម្ពុជាចេញទៅប្រកួតកម្មវិធីអន្តរជាតិនៅប្រទេសថៃ ជាមួយបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។
ប្រាប់ឱ្យភីអិនអិនដឹងកាលពីពេលថ្មីៗ វ៉ាន់ ប៊ី ថា ពេលនេះនាងកំពុងហ្វឹកហាត់បន្ថែមលើការដើរ រីឯឈុតសម្លៀកបំពាក់ផ្សេងៗ និងឈុត evening gown ក៏កំពុងរៀបចំបណ្តើរៗដូចគ្នាដែរ។ បវរកញ្ញាភេទទី៣រូបស្រស់នេះបង្ហើបឱ្យដឹងថា ឆ្នាំនេះពិសេសជាងរាល់ដង ដោយនាងទទួលបានការឧបត្ថម្ភឈុត evening gown រហូតដល់ទៅជិត១៥ហាងឯណោះ មានទាំងហាងនៅខ្មែរ និងហាងនៅប្រទេសវៀតណាម ដែលសុទ្ធសឹងជាហាងលំដាប់ៗ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២១/២០២២ រូបនេះថា នាងពិតជាស័ក្កសមក្លាយជាម្ចាស់មកុដអន្តរជាតិឆ្នាំនេះ ដោយសារតែនាងមានចំនុចខ្លាំងជាច្រើន ពិសេសគឺកម្លាំងចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីមនុស្សជុំវិញខ្លួនរបស់នាង។
បវរកញ្ញាភេទទី៣កម្ពុជា វ៉ាន់ ប៊ី ពិតជារំភើបខ្លាំងណាស់ ខណៈការប្រកួតអន្តរជាតិនៅថៃ នឹងមកដល់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ ការប្រកួតកាន់តែខិតជិត បវរកញ្ញារូបស្រស់នេះកាន់តែមមាញឹកការងារសិល្បៈ ដោយនាងទទួលបានការងារច្រើនហូរហែរ ថែមទាំងបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះទៀតផង។
ក្រៅពីនោះក៏ទទួលបានការងារពីស្ថាប័នរដ្ឋមួយចំនួនទៀតផងដែរ ជាហេតុធ្វើឱ្យនាងមានគេស្គាល់ច្រើនឡើង និងកាន់តែមានជំនឿចិត្តក្នុងការប្រកួតនៅអន្តរជាតិ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច