ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
រដ្ឋាភិបាលវៀតណាម បានអះអាងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន យីហោ BYD (ប៊ី វ៉ាយ ឌី) គ្រោងនឹងវិនិយោគសាងសង់ រោងចក្រផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់ សារព័ត៌មានក្នុងស្រុកវៀតណាម។ បើតាមប្រភពពី សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ចិន មានគម្រោងបើករោងចក្រនៅក្នុងប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្តក្នុងគោលបំណងនាំចេញគ្រឿងបន្លាស់ទៅកាន់ រោងចក្រដំឡើងដែលគ្រោងនឹងធ្វើនៅ ប្រទេសថៃ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម ដែលចេញផ្សាយបន្ទាប់ពីជំនួបរវាងស្ថាបនិក និងជាប្រធានក្រុមហ៊ុន BYD ជាមួយនិងឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមខែឧសភា ភាគីក្រុមហ៊ុន បានលើកឡើងថា លោករំពឹងថា វៀតណាម នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ BYD ដើម្បីបញ្ចប់នីតិវិធីវិនិយោគ។
ទោះយ៉ាងណា សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ថា តើការវិនិយោគថ្មី នឹងបញ្ចូលទឹកប្រាក់ប៉ុន្មានសម្រាប់ការពង្រីកនោះទេ។BYD ដែលបច្ចុប្បន្នដំណើរការរោងចក្រ ដើម្បីដំឡើងឧបករណ៍អេឡិចត្រូនិក និងគ្រឿងបន្លាស់នៅក្នុងខេត្តភាគខាងជើងប្រទេសវៀតណាម ក៏បានស្នើបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។
យ៉ាងណាមិញ វត្តមានរបស់ក្រុមហ៊ុនចិន BYD នឹងបង្កបញ្ហាប្រឈមដោយផ្ទាល់ចំពោះក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់វៀតណាម ដែលបានចាប់ផ្តើមលក់រថយន្តនៅឆ្នាំ ២០១៩ ហើយគ្រោងនឹងពង្រីកនៅសហរដ្ឋអាមេរិក និងអឺរ៉ុប៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ