ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អង្គការសហប្រជាជាតិ តម្លើងការព្យាករណ៍សេដ្ឋកិច្ចសកល មក ២,៣% ក្នុងឆ្នាំ ២០២៣

១៩ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

អង្គការសហប្រជាជាតិ ហៅកាត់ថា UN បានតម្លើងការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ មក ២,៣% ដែលមានការកើនឡើង ០,៤% ធៀបនឹងការព្យាករណ៍កាលពីខែមករា។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 


របាយការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យ ដែលចេញដោយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ទោះបីជាមានការកើនឡើងនេះក៏ដោយ អត្រាកំណើននេះ នៅតែទាបជាងអត្រាកំណើនជាមធ្យម ក្នុងរយៈពេល ២ទសវត្សរ៍ មុនការរាតត្បាតនៃជំងឺកូវីដ១៩។

 


ការព្យាករណ៍របស់អង្គការសហប្រជាជាតិ គឺទាបជាង មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានបង្ហាញកាលពីដើមឆ្នាំនេះថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងធ្លាក់ចុះមកនៅត្រឹម ២,៩% នៅឆ្នាំ ២០២៣ ខណៈសម្រាប់ឆ្នាំ ២០២៤ នឹងកើនឡើងបន្តិចទៅ ៣,១%។

 


អង្គការសហប្រជាជាតិ បានបន្ថែមថា ខណៈពេលដែលទស្សនវិស័យសម្រាប់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិនមានភាពប្រសើរឡើង សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនវិញ ទស្សនវិស័យកំណើនបានធ្លាក់ចុះ ចំពេលមានការរឹតបន្តឹងលក្ខខណ្ឌឥណទាន និងការកើនឡើងនៃការចំណាយហិរញ្ញប្បទានពីខាងក្រៅ។


ជាចុងក្រោយ របាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៤,១% នៅឆ្នាំ ២០២៣ និង ៥,២% នៅឆ្នាំ ២០២៤ ដែលទាបជាងគោលដៅកំណើន ៧% ដែលបានកំណត់ក្នុងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024